ឯកឧត្តម​រដ្ឋមន្ត្រី​ប្រាក់ សុខុន​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​និ​យោ​ជិ​ក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍

នា​ព្រឹក​ថ្ងៃទី១៧ តុលា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​និង​និ​យោ​ជិ​ក​គ្រប់លំដាប់​ថ្នាក់ក្រោម​ឱវាទ​ក្រសួង​សម្តៅ​ពង្រឹង​ការអនុវត្តន៍​ការងារ​ជំនាញ​ឲ្យ​មាន​ភាព​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត​ស្របតាម​ការវិវត្តន៍រ​បស់​សង្គមជាតិ​និង​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​តាម​មុខជំនាញរៀងៗខ្លួន ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ នីតិកាល​ទី៥នៃ​រដ្ឋសភា​ឆ្នាំ២០១៣ – ២០១។

បន្ទាប់ពី​ឯកឧត្តម លីវ គឹម​ហេង អគ្គនាយក​រដ្ឋបាល នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានធ្វើ​របាយការណ៍​អំពី​ស្ថានភាព​មន្ត្រីរាជការ​និង​ការអនុវត្តន៍​ភារកិច្ច​តាម​ផ្នែកនីមួយៗរួចមក ឯកឧត្តម​រដ្ឋមន្ត្រី​ប្រាក់ សុខុន មានប្រសាសន៍​បញ្ជាក់​ពី​បេសកកម្ម​ការងារ​ជា​ចំបង​របស់​ក្រសួង​ដោយ​ផ្តោតលើ​ផ្នែកសំខាន់ៗចំនួន២ គឺ​បម្រើ​សេវាកម្ម​ផ្នែក​ទូរគមនាគមន៍​និង​ការលើកកម្ពស់​វិស័យ​ប្រៃសណីយ៍។

ឯកឧត្តម​ប្រាក់ សុខុន មានប្រសាសន៍​លើកឡើង​ពី​ទិសដៅ ភារកិច្ចសំខាន់ៗមួយចំនួន​ក្នុងការ​ពង្រឹង​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទាំង​ផ្នែក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដោយ​ក្រសួង​បាននិងកំពុង​គ្រប់គ្រង​គម្រោង​ជា​អាទិភាព​មួយចំនួន​សម្តៅ​លើកកម្ពស់​ប្រសិទ្ធភាព គុណភាព ពង្រីក​សេវាកម្ម​ទូរគមនាគមន៍​ឲ្យ​ប្រសើរ​ជាង​មុន​ឆ្ពោះទៅ​ទីជនបទ​និង​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា​នៅក្នុង​តំបន់។ ជាងនេះទៀត លើ​វិស័យ​ប្រៃសណីយ៍ ក្រសួង​បាន​ខិតខំ​ក្នុងការ​ធ្វើកំណែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ដើម្បី​បន្ត​ការអនុវត្តន៍​ទាំង​សេវាសាធារណៈ​និង​សេវាកម្ម​ពាណិជ្ជកម្ម​រហូតដល់​គ្រប់​ខេត្ត​និង​ទីប្រជុំជន។

ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និ​យោ​ជិ​ក ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបទ​ការងារ​ឲ្យ​ប្រសើរឡើង​ជាង​មុន​ដោយ​បង្កើន​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង​និង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ការគោរពវិន័យ​ការងារ​និង​មាន​មនសិការ​ទទួលខុសត្រូវ​រាល់​ភារកិច្ច​ជំនាញ​សម្តៅ​បម្រើសេវា​កម្មវិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ឲ្យ​បាន​ទូលំទូលាយ​តាំងពី​ទីប្រជុំជន​រហូតដល់​តំបន់​ជនបទ ស្របតាម​ការវិវត្តន៍​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី៥៕

អត្ថបទជាប់ទាក់ទង