សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅការងារឆ្នាំ២០១៤
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅការងារឆ្នាំ២០១៤ បានប្រព្រឹត្តទៅអស់រយៈពេលមួយថ្ងៃកន្លះ ដោយចាប់ពីថ្ងៃទី២៦-៦-២៧ ខែមីនា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ថ្លែងសុន្ទរកថាបើកសន្និបាត ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា សន្និបាតលើកនេះ គឺជាឱកាសឲ្យយើងធ្វើការបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំកន្លងមក ដោយបានគូសរម្លេចនូវសមិទ្ធផលសំខាន់ៗ ពិនិត្យ, វាយតម្លៃទាំងភាពងាយស្រួល, ការលំបាក, បញ្ហាប្រឈម ដើម្បីពិគ្រោះ ពិភាក្សា លើកវិធានការណ៍រកដំណោះស្រាយ កំណត់អាទិភាព និងដំណើរឆ្ពោះទៅមុខរបស់ក្រសួង ជាពិសេស ក្នុងបរិបទ នៃការប្រែប្រួលដ៏ឆាប់រហ័ស និងការអនុវត្តភាពថ្មីៗនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន។
ឯកឧត្តមមានប្រសាសន៍ទៀតថា ក្នុងក្របខណ្ឌជាតិកន្លងមកនេះ ដើម្បីចូលរួមកែទម្រង់វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន យើងបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមានការបង្កើត ប្រៃសណីយ៍កម្ពុជា, ទូរគមនាគមន៍កម្ពុជា, បញ្ញត្តិករទូរគមនាគមន៍កម្ពុជាល្តិការទូរ/ជ និងមជ្ឈមណ្ឌលគ្រប់គ្រង់ទិន្នន័យ សេវាទូរគមនាគមន៍ ព្រមទាំងសមាហរណកម្ម អាជ្ញាធរជាតិទទួលបន្ទុកអភិវឌ្ឍន៍វិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឲ្យឋិតនៅក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍វិញ និងការបង្កើតវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ជាមួយគ្នានេះ យើងពិនិត្យឃើញថា គុណភាពនៃបណ្ដាញ និងសេវាទូរគមនាគមន៍ ត្រូវបានពង្រីកជាបន្តបន្ទាប់ ទន្ទឹមនឹងការបន្តអភិវឌ្ឍន៍ប្រភេទទូរស័ព្ទអចល័ត។ល។ រីឯបណ្ដាញនិងសេវាគ្របដណ្ដប់របស់ខ្សែកាប្លិ៍អុបទិក ត្រូវបានពង្រីកឥតឈប់ឈរដោយ បានតភ្ជាប់ពីរាជធានីភ្នំពេញ ទៅគ្រប់ស្រុក និងឃុំមួយចំនួន ក៏ដូចជាការតភ្ជាប់កម្ពុជា ជាមួយប្រទេសជិតខាងក្នុងតំបន់។ ប្រៃសណីយ៍កម្ពុជា ក៏បានពង្រីកចគុណភាពនិងការផ្តល់សេវារបស់ខ្លួន បង្កើនប្រាក់ចំណូលជាតិ និងបង្កើនប្រាក់ខែជូនមន្រ្តីនិយោជិតរបស់ខ្លួនជាបន្តបន្ទាប់។
អង្គសន្និបាតក៏បានតាមដានស្ដាប់នូវបទបង្ហាញរបស់ឯកឧត្តមរដ្ឋលេខាធិការ សារ៉ាក់ ខាន់ភា្ហៗ និងប្រៃសណីយ៍ ទូរគមនាគមន៍ និងបទអន្តរាគមន៍របស់អង្គភាព ស្ថាប័នក្រោមឱវាទក្រសួង ស្ដីអំពី លទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅការងារឆ្នាំ២០១៤ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍។ ក្នុងនោះ ោះលើវិស័យ ប្រៃសណីយ៍ែ ចនួនស្រុកដែលមានទីតាំងផ្តល់សេវាប្រៃសណីយ៍ មានចំនួន៦៦ស្រុក ក្នុងចំណោមស្រុកចំនួន១៩៤។ ភូមិសាស្រ្តដែលអត្រាគ្របដណ្ដប់សេវាប្រៃសណីយ៍លើស៥០% 50%មានចំនួន៧ខេត្តព និងក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិមានចំនួន២៣។ លើវិស័យទូរគមនាគមន៍ដែលជាវិស័យមានសក្តានុពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ បានចំនួនស្រូបយកអ្នកជាវទូរស័ព្ទព្ទអចល័តចំនួន៤២០.៩៤២, ទូរស័ព្ទចល័តចំនួន២០.២៦៤.៥១៤ និង អ្នកជាវអ៊ិនថឹណិតចំនួន៣.៨២៧.៥៨៤។
ចំពោះបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត រួមមាន ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ប្រៃសណីយ៍នៅមានកម្រិតនៅឡើយ, បទបញ្ញត្តិដែលទាក់ទងនឹងវិស័យទូរគមនាគមន៍បាននិងកំពុងឋិតនៅពីក្រោយស្ថានភាពជាក់ស្តែង និងដំណើរវិវត្តន៍នៃបច្ចេកវិទ្យាពុំទាន់មានគោលនយោបាយ កាតព្វកិច្ចសេវាសកល និងមូលនីធិកាតព្វកិច្ចសេវាសកល ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនក្រីក្រ, ពុំទាន់មានធនធានមនុស្សប្រកបដោយគុណវឌ្ឍន៍, បទពិសោធន៍ជំនាញ និងចំណេះដឹងខាងភាសាបរទេសគ្រប់គ្រាន់នៅឡើយទេ។ ដើម្បីឆ្លើយតបនឹងការវិវត្តន៍នៃបច្ចេកវិទ្យា និងទីតាំងផ្តល់សេវាប្រៃសណីយ៍ពុំទាន់គ្របដណ្តប់ទូទាំងប្រទេស។
ថ្លែងនៅក្នុងឱកាសបិទសន្និបាតនាព្រឹកថ្ងៃទី២៧ ខែមីនា ឯកឧត្តមរដ្ឋមន្ត្រីប្រាក់ សុខុន បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិត គ្រប់ថ្នាក់ គ្រប់ផ្នែក របស់ក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងឆ្នាំ២០១៣ ដើម្បីរួមគ្នាបន្តអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឲ្យមានគុណភាពទំនើបទាន់សម័យ មានគុណភាពស្របតាមស្តង់ដារអន្តរជាតិ មានតម្លៃប្រកួតប្រជែង និងមានសេវាគ្របដណ្តប់ទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើង នូវបញ្ហាប្រឈមមួយចំនួន រួមមាន ការខ្វះខាតក្របខណ្ឌនយោបាយ យុទ្ធសាស្ត្រ និងជាពិសេស ក្របខណ្ឌគតិយុត្ត ធនធានមនុស្ស តម្រូវការក្នុងការប្រសិទ្ធភាពនៃការវិនិយោគ និងការប្រើប្រាស់រចនាសម្ព័ន្ធរូបវ័ន្ត ការពង្រីកវិសាលភាព និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អក្ខរកម្មបច្ចេកវិទ្យាព័ត៌មាន ការពង្រឹងនិងការសម្របសម្រួលស្ថាប័ន ព្រមទាំងកិច្ចសហការរវាង ប្រតិបត្តិករនិងប្រតិបត្តិករ ជាមួយស្ថាប័នទទួលខុសត្រូវ។ ដូចនេះ យើងទាំងអស់គ្នា ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការរៀបចំគោលនយោបាយជាតិ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្ត ការអភិវឌ្ឍន៍និងការបង្កើនសមត្ថភាពធនធានមនុស្ស ប្រសិទ្ធភាពនៃបញ្ញត្តិកម្ម ការបង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មផ្សេងៗពាក់ព័ន្ធនឹងការបំបាត់អំពើអសកម្មនានា ការគ្រប់គ្រង ការប្រកួតប្រជែងក្នុងលក្ខណៈស្មោះត្រង់ ការបំពាក់ និងការធ្វើទំនើបកម្មឧបករណ៍ សម្ភារ បម្រើវិស័យប្រកបដោយគុណភាព និងប្រសិទ្ធភាព រួមទាំងការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន ដើម្បីបន្តជម្រុញវិស័យទាំង៣ ឲ្យរីកចម្រើនស្របតាម គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយមាសកាងារជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នយោជិត ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចក្នុងឆ្នាំ២០១៣ ក្នុងនោះ រួមមាន មេដាយការងារសុវត្ថារាថ្នាក់មហាសេនាចំនួន៧, ថ្នាក់ធិបឌិន្ទចំនួន៤, ថ្នាក់សេនាចំនួន៤, ថ្នាក់អស្សឫទ្ធិចំនួន៧នាក់ និងមេដាយមាសការងារចំនួន១៥នាក់ផ្សេងទៀត៕