កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​លើ​សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍វិស័យ​ទូរគមនាគមន៍​ និង ICT

កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរូមក្នុងកិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​លើ​សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍វិស័យ​ទូរគមនាគមន៍​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន ដែលបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាទីស្តីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងនូវសុន្ទរកថាគន្លឹះដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ ៖

ឯកឧត្តម លោកជំទាវ!
លោក លោកស្រីប្រតិបត្តិករ​ទូរគមនាគមន៍ ​ប្រធានក្រុមហ៊ុន​អភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន!
អរុណសួស្តី!

ជាបឋម ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រតិបត្តិករទូរគមនាគមន៍ និងប្រធានក្រុមហ៊ុនអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់នៅព្រឹកនេះ ដើម្បីពិភាក្សា​លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍-បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន។​ នេះគឺជាលើកទីពីរហើយ ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និង​វិស័យ​​ឯកជន លើការរៀបចំក្របខណ្ឌគោលនយោបាយ និងគតិយុត្ត ឲ្យប្រកបដោយប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ សង្គតិភាព​និង​​គណនេយ្យភាព​ សម្រាប់អភិវឌ្ឍវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគន៍ និងព័ត៌មានរបស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍ​ន៍ជាតិ ២០១៤-២០១៨ ដើម្បីរៀបចំនូវវិធានការ និងយុទ្ធសាស្រ្តនានា សម្រាប់ការអភិវឌ្ឍវិស័យអាទិភាពជាច្រើន រួមទាំងវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ រាជរដ្ឋាភិបាលមានគោលដៅត្រៀមរៀបចំមូលដ្ឋាន​សម្រាប់ការឈានឡើងរបស់កម្ពុជា ទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ពិសេសការធានាភាពប្រកួតប្រជែងរបស់កម្ពុជា​នៅក្នុងសេដ្ឋកិច្ចពុទ្ធិ នាពេលអនាគត។ ហេតុដូចេ្នះ រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការរៀបចំគោលនយោបាយសម្រាប់​អភិវឌ្ឍវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម​កិច្ច។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺការពិនិត្យនូវ​គោលដៅ និងគោល​នយោបាយយុទ្ធសាស្រ្ត និងវិធានការនានា ដែលនឹងត្រូវបានដាក់ចេញតាមរយៈគោលនយោបាយនេះ ជាមួយនឹងគោលដៅ និងផែនការមេធុរកិច្ច និងវិនិយោគរបស់វិស័យឯកជនលើការចូលរួមអភិវឌ្ឍវិស័យ ទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ លើសពីនេះទៀត ការទទួលបាននូវឯកសារគោលនយោបាយដ៏ល្អ ទាមទារយ៉ាង​ចាំបាច់​នូវការ​សិក្សា​រាល់ធាតុ​ចូលពាក់ព័ន្ធទាំងអស់ ដែលត្រូវបានចូលរួមចែករំលែកពីគ្រប់តួអង្គពាក់ព័ន្ធ មិនត្រឹមតែ​ពីសំណាក់ប្រតិបត្តិ​ករ​ប៉ណ្ណោះទេ គឺថែមទាំងពីសំណាក់ឧស្សាហករ/ផលិតករគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ផងដែរ ជា​អា​ទិ៍​ ក្រុមហ៊ុន Huawei Technologies Co., Ltd., ក្រុមហ៊ុន ZTE Corporation និងក្រុមហ៊ុន China Comservice។

កន្លងមកនេះ ក្រុមហ៊ុន​ទាំង​បីនេះ បានចូលរួមចែករំលែកផ្តល់នូវធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដើម្បី​ធានា​សង្គតិ​ភា​ព​​​រវាងសេចក្តីព្រាងនេះ និងនិន្នាការនៃការវិវត្តន៍បច្ចេកវិទ្យានៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីនេះ យើងគួររំលឹកផង​ដែរ​ថា សេចក្តីព្រាង​​គោលនយោបាយនេះ ក៏ធ្លាប់ត្រូវបានចូលរួមជួយសហការរៀបចំ និងផ្តល់អនុសាសន៍ល្អៗ ​ដោយ​នាយក​ដ្ឋាន​សេដ្ឋកិច្ច និងកិច្ចការសង្គមរបស់អង្គការ​សហប្រជាជាតិ (United Nations-Department of Economic and Social Affairs, UNDESA)ផងដែរ​។ ដូចនេះ ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខ្ញុំសូមថ្លែងអំណរគុណ​យ៉ាង​ស្មោះ​ ចំពោះ​តំណាងវិស័យឯកជនពាក់ព័ន្ធទាំងអស់ដែលមានវត្តមាននាថ្ងៃនេះ, ពិសេសក្រុមហ៊ុន Huawei Technologies Co., Ltd., ក្រុមហ៊ុន ZTE Corporation និងក្រុមហ៊ុន China Comservice និង លោក Richard KERBY ជាទីប្រឹក្សា​ជាន់​ខ្ពស់​អន្តរតំបន់​នៃអង្គការ UNDESA។

នៅខែសីហា ឆ្នាំ២០១៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​នូវ​ផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើងក្រោមជំនួយ​ឧបត្ថម្ភ​​របស់សាធារណរដ្ឋកូរ៉េ។ ផែនការមេនេះ គឺជាឯកសារគ្រឹះដ៏សំខាន់មួយក្នុងចំណោមឯកសារទាំងឡាយដែល​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បានខិតខំចូលរួមសហការរៀបចំ និងបញ្ចប់ ​បន្ទាប់ពីសមាហរណកម្ម NiDA មកក្រោម​ដំបូលរបស់ក្រសួង​ ក្នុងន័យឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការរៀបចំក្រប​ខណ្ឌ​គោលនយោ​បាយ​មួយដ៏រឹងមាំសម្រាប់​​អភិវឌ្ឍន៍​​​វិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន។ បន្ទាប់ពីនោះមក ក្រសួងក៏បានបន្តរៀបចំគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​​ ឱ្យមានសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការរៀបចំសេចក្តីព្រាង​គោលនយោបាយអភិវឌ្ឍវិស័យទូរគមនា​គ​ម​ន៍ ដែលត្រូវបានចាប់ផ្តើមតាំងពីដើមអាណត្តិទី៥ របស់រាជរដ្ឋាភិបាល។ បន្ថែមពីលើនេះ ដើម្បីធានានូវការប្តេជ្ញាចិត្តរបស់​រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមសមាហរណកម្មតំបន់ និងពិភពលោកលើវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន និងធានានូវប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃ​ការរៀបចំសេចក្តីព្រាងគោលនយោបាយទាំងពីរនេះ ក្រសួង​បានសម្រេចបញ្ចូលក្រុមការងារទាំងពីរ និងរៀបចំសេចក្តីព្រាងគោលនយោបាយតែមួយ​ គឺគោលនយោបាយអភិវឌ្ឍវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

ឯកសារនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើ៖

ទី១. ការបូកសរុប និងវាយតម្លៃលើស្ថានភាពបច្ចុប្បន្ននៃវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា តាមរយៈឯកសារនានា ដែលត្រូវបានផ្តល់ដោយប្រតិបត្តិករពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន និងឯកសាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍,

ទី២. ឯកសារគោលនយោបាយថ្មីៗ ដែលត្រូវបាន​អនុម័តដោយរាជរដ្ឋាភិបាល ជាអាទិ៍ ផែនការមេជាតិនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២០១៤-២០២០, គោលនយោបាយ​ជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា, គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ២០១៥-២០២៥, ផែនការយុទ្ធសាស្រ្ត​ស្តីពី​ការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ និងឯកសារគោលនយោបាយពាក់ព័ន្ធផ្សេងៗទៀត,

ទី៣. ផែន​ការ​​មេ​បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ានឆ្នាំ២០១៥ និងសេចក្តីព្រាងផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​អាស៊ាន​ឆ្នាំ២០២០,

ទី៤. ឯកសារគោលនយោបាយរបស់បណ្តាប្រទេសមួយចំនួននៅអាស៊ាន ជាអាទិ៍ វៀតណាម ថៃ និងម៉ាឡេស៊ី, និង

ទី៥. ផែនការយុទ្ធសាស្រ្តនៃសហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វីក​ ២០១៥-២០១៧ និងសេចក្តី​សម្រេចនានាដែលត្រូវបានអនុម័តដោយ Plenipotentiary Conference ឆ្នាំ២០១៤ របស់សហភាពទូរគមនាគមន៍​អន្តរជាតិ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ឧស្សាហកម្មទូរស័ព្ទចល័ត បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក ជាឧបករណ៍នវានុវត្តន៍​សម្រាប់​សេវាថ្មីៗ។ បណ្តាញទូរស័ព្ទចល័ត ផ្តល់នូវកាលានុវត្តភាព ដើម្បីទទួលបានអតិថិជនថ្មីៗ និងធ្វើជា​ឧបករណ៍​ ដើម្បី​រកប្រាក់​ពីផលិតផល និងសេវា។ ឧស្សាហកម្មនេះ បានអនុញ្ញាតឱ្យមានការផ្សំផ្គុំនូវចំនួន «ផែននវានុវត្តន៍» នៅលើ​ពិភពលោក។ បរិស្ថាននវានុវត្តន៍នៃទូរស័ព្ទចល័ត ចូលរួមចំណែកក្នុងការផ្តល់អំណាចដល់បុគ្គល និងសង្គម មិន​ត្រឹម​តែ​​តាមរយៈកាលានុវត្តន៍ ដែលពួកគាត់បង្កើតនោះទេ ក៏ប៉ុន្តែតាមរយៈដំណោះស្រាយ និងសេវា ដែលពួកគាត់ផ្តល់ផងដែរ។

ការតភ្ជាប់ទូរស័ព្ទចល័ត បានផ្លាស់ប្តូររួចហើយនូវជីវិតប្រចាំថ្ងៃរបស់មនុស្សនៅលើពិភពលោក។ ទូរស័ព្ទចល័ត​កំពុងដើរតួនាទីយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងតំបន់កំពុងអភិវឌ្ឍ។ ទូរស័ព្ទចល័ត​បាននាំមកនូវសេវា​សម្លេង និងការប្រើប្រាស់អ៊ិនធឺណេត ទៅដល់តំបន់ដែលមិនធ្លាប់មានការតភ្ជាប់ចូលរួមកាត់បន្ថយ​គម្លាត​ឌីជីថ​លនិងផ្តល់អំណាចទៅសហគមន៍។

សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០ របស់កម្ពុជា មាន​ចក្ខុវិស័យ​នាំ​កម្ពុជា​ឈានទៅរកសន្ធិភាព (Connectedness) និងកម្មញភាព (Readiness) នៃបច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​ នាពេលអនាគត។​ ដូចនេះ ដើម្បីធានាឲ្យកិច្ចពិគ្រោះយោបល់នេះ បានកាន់តែសកម្ម និងធ្វើឲ្យ​សេចក្តី​ព្រាង​គោលនយោបាយ​​​នេះ​កាន់តែប្រសើរឡើង ខ្ញុំសូមចូលរួមចែករំលែក និងស្នើដល់កិច្ចពិគ្រោះយោបល់ពិនិត្យ​លើចំណុច  អាទិភាព​មួយ​ចំនួន​ដូច​ខាងក្រោម៖

ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺជាកត្តាលីករគន្លឹះ សម្រាប់ធានា​បានការតភ្ជាប់ ការទទួលព័ត៌មាន ការវិភាគព័ត៌មាន និងការប្រើប្រាស់ព័ត៌មានសម្រាប់ជាប្រយោជន៍​ដល់​ប្រជាជន​គ្រប់ៗគ្នា ក្នុងគោលបំណង និងគោលដៅខុសៗគ្នា ដើម្បីចូលរួមអភិឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចំណេះដឹងជា​មូលដ្ឋាន។ ការអភិវឌ្ឍប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រ នឹងចូលរួមចំណែកដ៏សំខាន់ ដើម្បីសម្រេចទិសដៅខាងលើនេះ ហេតុនេះ យើងសូមលើកទឹកចិត្តដល់​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ។ ក៏ប៉ុន្តែ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាត់វិធានការតឹងរឹ​ង​ចំពោះ​ក្រុមហ៊ុន​​ណាដែលគ្រាន់តែស្នើសុំអាជ្ញាបណ្ណ ដើម្បីយកទៅទុកចោល ដោយគ្មានផែនការមេ ឬវិនិយោគច្បាស់លាស់ ឬ​ដើម្បី​គ្រាន់តែស្វែក​រកថវិកាវិនិយោគពីក្រៅប្រទេស ដែលទាំងនេះនឹងបង្កការរាំងស្ទះដល់វិនិយោគិនផ្សេងដែលមានឆន្ទៈពិតប្រាកដ និង​​ច្បាស់​​លាស់ ហើយអាចបង្កឡើងនូវបញ្ហាប្រឈមធ្ងន់ធ្ងរដល់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែលពុំអាចធានាការប្រើប្រាស់អ៊ិនធឺណេតល្បឿនលឿនដល់ប្រជានជនគ្រប់ទី​​កន្លែង។  

ទី២. ការគ្រប់គ្រងប្រភពធនធានកម្រ ជាពិសេសវិសាលគមន៍ហ្រ្វេកង់ស៍ មានសារៈសំខាន់សម្រាប់ ប្រតិបតិ្តករទូរគមនាគមន៍ អ្នកប្រើប្រាស់ និងថវិកាជាតិ។ បច្ចុប្បន្ន មានប្រតិបត្តិករមួយចំនួន ដែលបានទទួលសិទ្ធិប្រើប្រាស់ ហ្រ្វេកង់ស៍ ហើយបែរជាមិនប្រើប្រាស់ធនធានទាំងនោះឲ្យអស់សក្តានុពល នៅពេលមានប្រតិបត្តិករខ្លះកំពុងត្រូវ ការហ្រ្វេកង់ស៍បន្ថែម ដើម្បីពង្រីកទំហំ និងសមត្ថភាពនៃការផ្តល់សេវាទូរគមនាគមន៍​ ពិសេសសេវាទំនើបចុង ក្រោយ ៤G ​ឲ្យបានទៅដល់អ្នកប្រើប្រាស់គ្រប់ទីកន្លែង។ ស្ថានភាពគួរឲ្យបារម្ភនេះ បានបង្ខំឲ្យក្រសួង និងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ពិចាណារអំពីវិធានការតឹងរឹង និងស្របតាមច្បាប់ ដើម្បីធ្វើការដោះស្រាយ។ ស្របពេលជាមួយគ្នា​នេះដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលការឯកភាពពីប្រមុខរាជរដ្ឋាភិបាល ដើម្បីដឹកនាំក្រុមការងារ​សិក្សា និងកំណត់សមត្ថកិច្ចលើការប្រើប្រាស់ហ្រ្វេកង់ស៍ ៧០០Mhz ដែលកំពុងត្រូវបានកាន់កាប់នាពេលបច្ចុប្បន្ន​សម្រាប់​វិស័យសោតទស្សន៍។ យើងសង្ឃឹមថា ឌីជីថលឌីវិដិន (Digital Dividend)  នេះ នឹងចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពនៃការផ្តល់​សេវា 4G នៅគ្រប់ទីកន្លែងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ស្របតាមនិន្នាការនៃសមាហរណកម្មហ្វ្រេកង់ស៍ ៧០០Mhz របស់​សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វីក និងសេចក្តីសម្រេចរបស់សហភាពទូរគមនាគមន៍អន្តរជាតិ នៅឆ្នាំ២០១២។

ទី៣. ការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងនូវធនធានកម្រប្រកបដោយប្រសិទ្ធភាព នឹងចូលរួមចំណែក​យ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនៃការផ្តល់ និងការប្រើប្រាស់សេវាអ៊ិនធឺណេត ល្បឿនលឿន ដល់ប្រជាជនគ្រប់ៗ​គ្នា​ជាពិសេសសេវាអ៊ិនធឺណេតល្បឿនលឿនតាមរយៈទូរស័ព្ទ
ចល័ត។           

ទី៤. ការអភិវឌ្ឍន៍ធនធានមនុស្ស និងគម្លាតឌីជីថល នៅតែជាបញ្ហាប្រឈមសំខាន់ និងបន្ទាន់ ដែលគ្រប់តួអង្គទាំងអស់​ត្រូវចូលរួមសហការរកដំណោះស្រាយ។ ការធ្វើពិពិធកម្មសេវាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានប្រកបដោយភាព​សម្បូរ​បែប និងប្រសិទ្ធភាព ក៏ជាអាទិភាពមួយដ៏សំខាន់ ដើម្បីធានាថា ប្រជាជនគ្រប់រូប អាចយល់ពីសារៈសំខាន់ និង​ផលប្រយោជន៍នៃការប្រើប្រាស់សេវាទាំងនេះ។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់គ្រប់តួអង្គទាំងអស់ ជាពិសេសប្រតិបត្តិករ ឧស្សាហករទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួង-ស្ថាប័នរៀបចំគោលនយោបាយ និងក្រសួង-ស្ថាប័នអប់រំ និងបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ រួមសហការអភិវឌ្ឍសេវាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកការកសាងសមត្ថភាព និងការកាត់បន្ថយគម្លាតឌីជីថល។
 
ឯកឧត្តម លោកជំទាវ លោក លោកស្រី!

មុននឹងបញ្ចប់សុន្ទរកថា ខ្ញុំសូមជូនព័ត៌មាន និងលើកទឹកចិត្តចំពោះវិស័យឯកជន និងតួអង្គទាំងអស់ ដែលមាន​វត្តមាននៅថ្ងៃនេះ ដើម្បីត្រៀមចូលរួមឱ្យបានគ្រប់ៗគ្នាក្នុងព្រឹត្តិការណ៍ចំនួនបី នៅពេលខាងមុខនេះគឺ៖

ទី១. នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំការប្រកួតប្រជែងដណ្ដើមពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់កម្ពុជា និងបុណ្យគម្រប់ខួប១៥០ ឆ្នាំរបស់សហភាពទូរគមនាគមន៍​អន្តរជាតិ។ ក្នុងស្មារតីនេះ ការលើកឡើងនូវគំនិតច្នៃប្រឌិតនានា នឹងត្រូវបានទទួលស្វាគមន៍។

ទី២. ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ សហភាពទូរគមនាគមន៍អន្តរជាតិ នឹងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ គឺ ITU World នៅទីក្រុងប៊ុដាប៉េស្ត ប្រទេសហុងហ្រ្គី។ ខ្ញុំសូមលើកទឹកចិត្តដល់ក្រុមហ៊ុនវ័យក្មេង និងក្រុមហ៊ុនធុនតូច និង​មធ្យម ចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំនានា និងការរៀបចំពិព័រណ៌ ដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ និងបង្កើតបណ្តាញធុរកិច្ចរបស់ខ្លួន។

ទី៣. នៅខែវិច្ឆកា ឆ្នាំ២០១៥ សហភាពទូរគមនាគមន៍អន្តរជាតិ នឹងរៀបចំសន្និសីទពិភពលោកស្តីពីវិទ្យុគមនាគមន៍​ នៅទីក្រុង Geneva។ ខ្ញុំ​ក៏សូមលើកទឹកចិត្តដល់ប្រតិបត្តិករ និងឧស្សាករ/ផលិតករគ្រឿងបរិក្ខារទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ ចូលរួមជា​មួយក្រសួង ដើម្បីបន្តតាមដានការវិវត្តន៍នៃការប្រើប្រាស់ធនធានកម្រនេះ​នាពេលអនាគត។
 
ឆ្លៀតឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបាន​រៀបចំសេចក្តីព្រាងគោលនយោបាយនេះ និងកិច្ចប្រជុំនេះឡើង។ ខ្ញុំក៏សូមអរគុណចំពោះក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd ដែលបានជួយសម្រួលដល់ការងារឡូជីស្ទីកក្នុងការរៀបចំកិច្ចប្រជុំនេះ។

ចុងបញ្ចប់នេះ ខ្ញុំសូមជូនពរដល់អ្នកចូលរួមទាំងអស់ នៃកិច្ចប្រជុំនេះ សូមប្រកបដោយពុទ្ធពរទាំងបួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើង និងសូមឲ្យកិច្ចប្រជុំបានទទួលផ្លៃផ្កាល្អប្រសើរ។

សូមអរគុណ!
 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍