ក្រសួង​ប្រៃសណីយ៍​ និងក្រុម​ហ៊ុន​ IDG​​​ បាន​​បើក សិក្ខា​សាលា​​ស្តី​​ពី​​ “ការ​​វិវឌ្ឍ​​បច្ចេក​​វិទ្យា​​ 4G​​ LTE​នៅ​កម្ពុជា”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ​បាន​​អញ្ជើញ​ជា​អធិបតី​បើក​ “សិក្ខា​សាលា​ស្តី​ពី​ការ​វិវឌ្ឍ​បច្ចេក​វិទ្យា​ 4G​ LTE​” នៅ​សណ្ឋា​គារ​សុខា​ភ្នំពេញ​។

លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

សិក្ខា​សាលា​នេះ​បាន​រៀប​ចំ​ដោយ​​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​ សហការ​​ជាមួយ​ក្រុម​ហ៊ុន​ IDG​ ក្រោម​ប្រធាន​បទ​ “សក្តា​នុពល​របស់​បច្ចេក​វិទ្យា​ 4G ​LTE​ ជម្រុញ​ឱ្យ​មាន​ការ​រីក​ចម្រើន​ផ្នែក​ Internet​ of​ Things​ ឧស្សាហកម្ម​ទាំង​មូល​” ដែល​ជា​ប្រធាន​បទ​មាន​សារៈ​សំខាន់​មួយ​ជា​ពិសេស​សម្រាប់​ស្ថាន​ភាព​បច្ចុប្បន្ន​នៃ​វិស័យ​ឧស្សាហ​កម្ម​បច្ចេក​វិទ្យា​គមនាគន៍​ និង​ព័ត៌មាន​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​បណ្តា​ក្រុម​ហ៊ុន​ ប្រតិបត្តិករ​ ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​ខាង​វិស័យ​បច្ចេក​វិទ្យា​ និង​ធនាគារ​សរុប​ប្រមាណ​៣០០​នាក់​។

សិក្ខា​សា​លា​ខាង​លើ​នេះ​ក៏​នឹង​ផ្តោត​ទៅ​លើ​ប្រធាន​បទ​មួយ​ចំនួន​រួម​មាន​​ ការ​ប្រែ​ក្លាយ​​បច្ចេក​វិទ្យា​ឌី​ជី​ថល​ដើម្បី​អភិវឌ្ឍន៍​សេវា​ទូរស័ព្ទ​ចល័ត​ ការ​ចូល​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ផ្អែក​លើ​​បច្ចេក​វិទ្យា​ 4G​ ការ​កសាង​ និង​​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ឧស្សាហកម្ម​បច្ចេក​វិទ្យា​ 4G​ គុណ​សម្បត្តិ​​ និងគុណ​វិបត្តិ​នៃ​បច្ចេក​វិទ្យា​​ 4G​ ក្នុង​ទីផ្សារ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។

មាន​ប្រសាសន៍​នា​ឱកាស​នេះ​  លោក​ជំទាវ​ រស់​ សូរក្ខា​ បាន​ថ្លែង​ថា​៖ ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ជា​ប្រទេស​មាន​សក្តា​នុពល​មួយ​ក្នុង​​ចំណោម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​វិស័យ​ ICT​ ជាក់​ស្តែង​ចំនួន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​​ចល័ត​កើន​ឡើង​ខ្ពស់​ ក្នុង​នោះ​ការ​ប្រើ​ប្រាស់​ Internet​ មាន​រហូត​ដល់​ទៅ​ជាង​ ៧ លាន​នាក់​។ បច្ចុប្បន្ន​ការ​ធ្វើ​​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ Online និង​ការ​ផ្ទេរ​សាច់​ប្រាក់​តាម​ប្រព័ន្ទ​ទូរស័ព្ទ​ចល័ត​មាន​ការ​កើន​ឡើង​ ទាំង​នេះ​បាន​ចូលរួម​ចំណែក​យ៉ា​ង​សំខាន់​ក្នុង​ការ​​ជំរុញ​​កំណើន​សេដ្ឋ​កិច្ច​ជាតិ​។

តាម​រយៈការវិវត្ដយ៉ាងលឿន​នៃ​បច្ចេកវិទ្យា​ និងឧស្សាហកម្ម​ឌី​ជី​ថល​នេះ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ មាន​បំណង​ជំរុញ​ល្បឿន​នៃ​នវា​នុវត្តន៍នៃ​​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ឲ្យផ្សា​ភ្ជាប់​ជាមួយ​នឹង​តំរូវ​ការ​របស់​សា​ធារ​ណជន​ និង​ស្រប​ទៅ​តាម​និន្នាការ​ថ្នាក់​តំបន់​ និង​សកលលោក​៕​

 

អត្ថបទជាប់ទាក់ទង