ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នា​លើ​កម្ម​វិធី​ “អាហា​រូបករណ៍ ​SmartEdu​”​ រវាង វិទ្យាស្ថាន​ជាតិ​ (NIPTICT) ជាមួយ​ក្រុមហ៊ុន (SMART AXIATA)

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ​នៅ​ទីស្ដី​ការ​ក្រសួង​ ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សា​រ​ណៈ​យោគ​យល់​គ្នា​លើ​កម្ម​វិធី​ “អាហា​រូបករណ៍ ​SmartEdu​”​ ដើម្បី​គាំទ្រ​ដល់​យុវជន​កម្ពុជា​ដែល​មាន​ទេព​កោសល្យ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (ICT)​។ ​អនុស្សារណៈ​នេះ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​រួម​គ្នា​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរ​គមនាគមន៍​ និង​​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ជាមួយ​ក្រុម​ហ៊ុន​ស្មាត​អាស្យា​តា ​ដោយ​ក្រុមហ៊ុន​បាន​សន្យា​ថា​នឹង​ផ្ដល់​មូល​និធិ​ផ្គត់​ផ្គង់​ពេញ​លេញ​សម្រាប់​ការ​សិក្សា​របស់​និស្សិត​ចំនួន​ ១០នាក់​ ដែល​មាន​បំណង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​ទាក់​ទង​នឹង​ ICT​ នៅ​វិទ្យាស្ថាន ​(NIPTICT)​។​​​

ឯកឧត្ដម​រដ្ឋមន្ត្រី ​ត្រាំ ​អុីវតឹក​​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​

ក្នុងពិធីនេះ ​ឯកឧត្ដម​រដ្ឋមន្ត្រី ​ត្រាំ ​អុីវតឹក​​ បាន​អបអរសាទរ ​និង​កោត​សរសើរ​ដល់​ភាព​ជា​ដៃ​គូរ​រវាង​ក្រុម​ហ៊ុនស្មាត​ និង​វិទ្យាស្ថាន ​NIPTICT ​ដែល​បាន​បង្កើត​ឲ្យ​ចេញ​ជា​សមិទ្ធិផល​ថ្មី​នេះ​ឡើង​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​វិស័យ​អប់រំ​នៅក​ម្ពុជា​ ជា​ពិសេស​ការ​កសាង​មូល​ដ្ឋាន​គ្រិះ​នៃ​សង្គម​ឌីជីថល​។ ​ឯកឧត្ដម​រដ្ឋ​មន្ត្រី​ បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ស្មាត​បន្ត​ជម្រុញ​ និង​បង្កើត​ឲ្យ​មាន​ការ​បណ្ដុះ​បណ្ដាល​នៅ​ក្នុង​ផ្នែក​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​នេះ​បន្ត​ទៅ​ទៀត ​ដើម្បី​ជម្រុញ​ធ្វើ​យ៉ាង​ណា​បង្កើន​ធន​ធាន​មនុស្ស​នៅ​ក្នុង​វិស័យ​ ICT​ សម្រាប់​ទ្រទ្រង់​ និង​វិវឌ្ឍន៍​សង្គម​កម្ពុជា​ឲ្យ​ទៅ​ជា​សង្គម​ឌីជីថល​នា​ពេល​ខាង​មុខ​៕​

សម្រាប់ព័ត៌មានសម្អិតទាក់ទងនឹងកម្មវិធីអាហារូបករណ៍ SmartEdu លោកអ្នកអាចស្វែងរកបាននៅលើគេហទំព័ https://www.smart.com.kh/scholarship ។


 

អត្ថបទជាប់ទាក់ទង