ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង ទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន I.T Galaxy Data Network (Cambodia) Co.,Ltd. ស្តីពី “កិច្ចសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យា សេវាទូរគមនាគមន៍ និងព័ត៌មាន”
រាជធានីភ្នំពេញ៖រសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង ទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន I.T Galaxy Data Network (Cambodia) Co.,Ltd. ស្តីពី “កិច្ចសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យា សេវាទូរគមនាគមន៍ និងព័ត៌មាន” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងភាគីក្រុមហ៊ុន ប្រមាណ ១០០រូប។
ថ្លែងក្នុងពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីជាគ្រឹះក្នុងការជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដែលជាកត្តាជំរុញនិងពន្លឿនការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាក្នុងតំបន់និងពិភពលោក។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា អនុស្សរណៈយោគយល់គ្នាដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ គឺជាការបោះជំហានថ្មីមួយទៀតរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជាទូរគមនាគមន៍កម្ពុជា ក្នុងការចូលរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ លើសពីនេះទៅទៀត ការចុះហត្ថលេខានាពេលនេះនឹងបើកឱកាសឱ្យភាគី ដែលចូលរួមទាំងវិស័យសាធារណៈ និងឯកជនមានលទ្ធភាពពង្រីកសក្តានុពលការវិនិយោគរបស់ខ្លួន ដោយប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនិងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារបស់ដៃគូវិនិយោគសាធារណៈ និងឯកជន រវាងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុន I.T Galaxy Data Network (Cambodia) Co.,Ltd. ផងដែរ៕