ឯកឧត្តម ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តឯកអគ្គរដ្ឋទូត និងបានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលីដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងវិស័យអប់រំ ជាពិសេស ការផ្តល់អាហារូបរណ៍ជាច្រើនកន្លែងដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្រ្តាលី។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរចំពោះការចូលកាន់តំណែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយរំពឹងយ៉ាងមុតមាំថាទំនាក់ទំនងនៃប្រទេសយើងទាំងពីរនឹងការកាន់តែត្រូវបានពង្រឹងបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការដែលអូស្ត្រាលីបានធ្វើមកទល់សព្វថ្ងៃលើវិស័យអាទិភាពរបស់កម្ពុជា ដូចជា សុខាភិបាល កសិកម្ម ការបោសសំអាតមីន ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ទឹកស្អាត ជាដើម ហើយនាពេលបច្ចុប្បន្នក៏បានយកចិត្តទុកដាក់ផងដែរលើវិស័យហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ពាណិជ្ជកម្មអេឡិចត្រូនិក ទីក្រុងឆ្លាតវៃផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចែករំលែកបទពិសោធន៍ល្អៗអំពីការអភិឌ្ឍន៍វិស័យទូរគមនាគមន៍ ជាពិសេសការកសាងខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ដែលឯកឧត្តមធ្លាប់គ្រប់គ្រងគម្រោងនៅអូស្រ្តាលីកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវពីការរៀបចំគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្តផ្សេងៗក្នុងនោះការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ច្បាប់ស្តីពីប្រៃសណីយ៍ ច្បាប់ស្ដីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អនុក្រឹត្យស្តីពីការគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ការរៀបចំផែនការបែងចែកហ្វ្រេកង់ស៍វិទ្យុ ផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍបច្ចេកវិទ្យា5G ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រពីក្រុងព្រះសីហនុទៅទីក្រុងហុងកុង ជាដើម។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យភាគីមិត្តបង្កើនការផ្តល់អាហារូបករណ៍សិក្សានៅអូស្ត្រាលី ពិសេសលើជំនាញ ICT ព្រមទាំងពិចារណាជួយគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យ ICT តាមរយៈវិទ្យស្ថានជាតិ NIPTICT ដែលអាចប្រែកា្លយជារាជបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល នាពេលអនាគត។
-រូបថតដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន