អបអរសាទរ កុមារា កុមារី ទទួលជ័យលាភីក្នុងការប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិ ឆ្នាំ២០២២

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ និងកោតសរសើរចំពោះកុមារា និងកុមារី ចំនួន៣រូប ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី១ ឆ្នាំ២០២២ លើប្រធានបទ “ សរសេរសំបុត្រទៅអ្នកដែលមានឥទ្ធិពល ស្តីពីមូលហេតុ និងរបៀបក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ Write a letter to an influential person about why and how to take action on climate change” ។

ដំណើរការនៃការប្រកួតប្រជែង គឺសិស្សានុសិស្ស ត្រូវមានអាយុចាប់ពី ៩-១៥ឆ្នាំ ហើយសរសេរសំបុត្រដោយដៃជាភាសាខ្មែរ ឬភាសាអង់គ្លេស ដែលមិនលើសពី៨០០ពាក្យ ឬ២ទំព័រ រួចផ្ញើពាក្យចុះឈ្មោះចូលរួមប្រកួត និងសំបុត្រដែលបានសរសេររួចតាមរយៈសេវាប្រៃសណីយ៍។ ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនសរុប ៦៣រូប ដែលបានចូលរួមប្រកួតប្រជែងរួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំណេរមានខ្លឹមសារល្អជាងគេរបស់បេក្ខជនចំនួន ១០រូប។ ឆ្លងកាត់ដំណាក់កាលទី២ តាមរយ:ការសម្ភាសន៍ផ្ទាល់អំពីអត្ថន័យនៃសំបុត្ររបស់បេក្ខជន គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីចំនួន៣រូប គឺ៖
– ជ័យលាភីលេខ១ កុមារា សេង អេរិច មកពីសាលារៀនអន្តរជាតិវើលដ៏កម្ពុជា រាជធានីភ្នំពេញ
– ជ័យលាភីលេខ២ កុមារី មេង សេនដូណា មកពីសាលារៀនអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍​ រាជធានីភ្នំពេញ
– ជ័យលាភីលេខ៣ កុមារី សាន មុន្នីរ័ត្ន មកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម ខេត្តកំពង់ចាម។

សម្រាប់បេក្ខជនជ័យលាភីលេខ១ ត្រូវជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union)។

អត្ថបទជាប់ទាក់ទង