សេចក្តីជូនដំណឹង ស្ដីពីវិធានការបង្ការឧបាយកលបោកបញ្ឆោតលួចគណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា “Gift 74/100 Free Premium”

នាពេលថ្មីៗនេះ មានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយដោយដាក់រូបភាពមានចលនា(Gif) និងតំណភ្ជាប់ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនតេឡេក្រាម ក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ដើម្បីលួចយកគណនី។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីឧបាយកលបោកបញ្ជោត និងវិធានការបង្ការដូចខាងក្រោម៖

ឧបាយកលបោកបញ្ឆោត

ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ នៅពេលម្ចាស់គណនីតេឡេក្រាមចុចលើរូបភាពមានចលនា ឬតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា (Hackers) ធ្វើការលួចយកគណនីតេឡេក្រាម។

វិធានការបង្ការ

– សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំ ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” នៅក្នុងតេឡេក្រាម ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ ដែលតម្រូវឱ្យមានការចុចទៅលើតំណភ្ជាប់ (Link)។

– ធ្វើការត្រួតពិនិត្យរាល់រូបភាពមានចលនា(Gif) ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់និងមិនត្រូវចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ

-បើសិនជាលោកអ្នកបានចុច សូមកុំបំពេញព័ត៌មានអ្វីទាំងអស់ សូមប្តូរលេខសម្ងាត់ និង ចាកចេញ (Sign Out) គ្រប់ឧបករណ៍ទាំងអស់ភ្លាម ជៀសវាងការបាត់បង់គណនី។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹងស្ដីពី លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល​ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

  • សេចក្តីជូនដំណឹង ស្តីពី ការដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ

  • សេចក្តីជូនដំណឹង ស្តីពី “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤”