រដ្ឋមន្ត្រីក្រសួងពីរចូលរួមជាអធិបតីរៀបចំពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ “ ស្រី្ដរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ “ស្រី្ដរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និយោជិតនារីទាំងអស់ ក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបបប្រមាណ ៣៩១រូប។

នៅក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស។ លើសពីនេះទៀត លោកជំទាវកិត្តិបណ្ឌិត បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ យើងបានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១២ ក្នុងគោលបំណងបន្តរំលេចពី (១) តម្លៃ នៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ខណៈពិភពលោកកំពុងជួបប្រទះភាពតានតឹង និងកម្ពុជាកំពុងតែគ្រប់គ្រង ឱ្យបាននូវសណ្តាប់ធ្នាប់ល្អ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលថ្មីប្រកបដោយភាពសេរី និងយុត្តិធម៌ និង (២) រំលេចលើបរិវត្តកម្មសេដ្ឋកិច្ច-សង្គមដែលកើតឡើង ក្នុងពិភពលោក ក៏ដូចនៅកម្ពុជាពន្លឿនដោយវិបត្តិកូវីត១៩ និងបដិវត្តឧស្សាហកម្ម៤.០ ដោយតម្រូវឲ្យធនធានស្ត្រីត្រូវចាប់យក ឱ្យទាន់សភាពការណ៍ដើម្បីបន្ស៊ាំខ្លួន និងឆ្លើយតបទៅតម្រូវការបច្ចុប្បន្ន។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត មានប្រសាសន៍ថា មូលបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នេះបានរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានយកជីវិតធ្វើជាដើមទុន ខិតខំតស៊ូគ្រប់បែបយ៉ាងរហូតឈានទៅសម្រេចបានជោគជ័យទាំងស្រុងនូវការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយដែលយើងបានរួមគ្នាបន្តខិតខំថែរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាបាននូវសុខុមាលភាព និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជន។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីជំរុញគាំទ្រការចូលរួមរបស់ស្រ្ដីនៅក្នុងវិស័យឌីជីថល ក្រសួងបាន៖

– រៀបចំការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាឌីជីថលនិងលើកកម្ពស់កម្រិតអក្ខរកម្មឌីជីថល ដើម្បីឱ្យប្រជាជនកម្ពុជាគ្រប់រូបទាំងចាស់ទាំងក្មេងយល់ដឹងពីរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព

– ផ្តល់អាហារូបករណ៍អាទិភាពដល់ស្រ្តីសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា

– រៀបចំកម្មវិធីជំរុញ និងគាំទ្រសហគ្រិនស្ត្រី

– ផ្តល់ឱកាសបន្ថែមដល់មន្ត្រីរាជការស្ត្រីក្នុងតួនាទីកាន់តែមានសារសំខាន់ ក្នុងការចូលរួមនិងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យា។

ឯកឧត្តមបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយេនឌ័ររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានជំរុញ និងរៀបចំកម្មវិធីនេះឡើងដើម្បីអបអរសារទរ និងរំលឹកពីប្រវត្តិនៃការតស៊ូ និងជោគជ័យរបស់ស្ត្រីក្នុងការទាមទាដណ្តើមយកមកនូវសិទ្ធិខាងសេដ្ឋកិច្ច សង្គម និងនយោបាយដែលជាង ១០០ឆ្នាំមុននេះ សិទ្ធិទាំងនេះពុំត្រូវបានធានា និងផ្តល់ជូនស្ត្រីនោះឡើយ។ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ក្នុងឆ្នាំនេះ ក្រសួងបានឧបត្តម្ភជូន មន្ត្រីរាជការនារីក្នុងម្នាក់ៗទទួលបាន ហូល១ក្បិន និងថវិកាចំនួន ១០ម៉ឺនរៀល៕

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”