សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក
ការឆបោកតាមប្រព័ន្ធអនឡាញបានក្លាយជាបញ្ហាដ៏ធំមួយនៅប្រទេសសិង្ហបុរី ជាពិសេសបានកើតឡើងនៅពេលដែលជនរងគ្រោះផ្ទេរទឹកប្រាក់ទៅកាន់ជនឆបោកដោយខ្លួនឯង ទោះបីមានការណែនាំទប់ស្កាត់ពីប៉ូលិសក៏ដោយ។
គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៥ ការឆបោកនៅប្រទេសសិង្ហបុរីបានកើនឡើងក្នុងចំនួនមិនធ្លាប់មានពីមុនមកគឺ ៣៨៥.៦ លានដុល្លារសិង្ហបុរី នៃ ២៦,៥៨៧ ករណីឆបោក ដែល ៨៦ ភាគរយកើតឡើងនៅពេលដែលជនរងគ្រោះផ្ទេរទឹកប្រាក់ទៅកាន់ជនឆបោកដោយខ្លួនឯង តាមប្រព័ន្ធទូ ATM ប្រព័ន្ធទូរសព្ទ និងប្រព័ន្ធអនឡាញផ្សេងៗ។
ប៉ូលិសសិង្ហបុរីបានលើកឡើងថា បញ្ហាប្រឈមមួយចំនួនដែលពិបាកដោះស្រាយនោះគឺ ការពន្យល់ណែនាំទៅកាន់អ្នកផ្ទេរទឹកប្រាក់ថា ពួកគេជាជនរងគ្រោះនៃអំពើឆបោក។
បច្ចុប្បន្ន រដ្ឋាភិបាលសិង្ហបុរីកំពុងស្នើសុំបង្កើតច្បាប់ ដើម្បីឱ្យប៉ូលិសមានសិទ្ធិចេញបញ្ជាទប់ស្កាត់ (Restriction Order) ទៅកាន់ធនាគារក្នុងការបង្កកគណនីរបស់បុគ្គលដែលសមត្ថកិច្ចសន្ស័យថាបានរងការឆបោក ក្នុងន័យបង្ការការទូទាត់ប្រាក់ពីជនសង្ស័យទៅកាន់ជនឆបោក។ បញ្ជាទប់ស្កាត់នេះមានសុពលភាព ៣០ ថ្ងៃក្នុងមួយលើក ហើយសមត្ថកិច្ចអាចស្នើសុំរហូតដល់ ៥ ដងក្នុងមួយករណី ដែលមានរយៈពេលសរុប ៦ ខែ ។ ជាជំហានដំបូង សមត្ថកិច្ចនឹងសហការអនុវត្តជាមួយធនាគារចំនួន ៧ រួមមាន OCBC Bank, DBS Bank, UOB, Maybank, Standard Chartered, Citibank, HSBC និងបន្តអនុវត្តបន្តជាមួយធនាគារដទៃទៀត។
ច្បាប់ការពារការឆបោកដែលកំពុងស្នើសុំដាក់ចេញនេះ ក៏ផ្ដល់សិទ្ធិឱ្យជនសង្ស័យ ប្រើប្រាស់ថវិកាដែលត្រូវបានទប់ស្កាត់ដើម្បីទូទាត់ការចំណាយចាំបាច់ប្រចាំថ្ងៃដូចជាការទូទាត់ទឹកភ្លើង និងទិញគ្រៀងទេសផងដែរ ក្នុងករណីមានវិកយបត្រត្រឹមត្រូវ។
ប្រភព៖
1. Straits Times: https://www.straitstimes.com/singapore/politics/singapore-proposes-laws-to-stop-stubborn-scam-victims-from-sending-money-to-syndicates