• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញសាកសួរសុខទុក្ខ មន្ត្រីអ្នកដោះមីនរបស់ CMAC នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី២០ កក្កដា ២០១៥

នៅក្នុងឱកាសអញ្ជើញបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ និងជាអនុប្រធានទី១​ អាជ្ញាធរមីនកម្ពុជា រួមដំណើរដោយមន្រ្តីក្រោមឱវាទ បានអញ្ជើញសាកសួរសុខទុក្ខមន្រ្តីអ្នកដោះមីន​របស់មជ្ឈ​មណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅខេត្តឧត្តរមានជ័យ​។​

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក​ CMAC បានគូសបញ្ជាក់ថា ខេត្តឧត្តរមានជ័យ ជាអតីត​សមរភូមិក្តៅគគុក ដែលបានបន្សល់គ្រាប់មីន និ​ង យុទ្ធភ័ណ្ឌមិនទាន់​ផ្ទុះជាច្រើន​លានគ្រាប់ ហើយក៏ជាខេត្តដែលរងផលប៉ះពាល់គ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខ្ពស់​​​ផងដែរ​បន្ទាប់ពីខេត្តបាត់ដំបង និងខេត្ត​បន្ទាយ​មានជ័យ។ គិតពីឆ្នាំ ១៩៧៩ ដល់ខែមិថុនា ឆ្នាំ ២០១៥ មានជនរងគ្រោះសរុបចំនួន ៤៨៨៨ នាក់​ក្នុងនោះ ជនរងគ្រោះដោយសារគ្រាប់មីនចំនួន​៤១៥៦នាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៧៣២នាក់។ នៅក្នុងរយៈពេល​ ២៣ ឆ្នាំកន្លង​មកនេះ​​​ យើងបានដោះមីនរំដោះផ្ទៃដីបានចំនួន ១២៩២ គីឡូម៉ែត្រក្រឡា ដោយបាន​រកឃើញ និងកំទេចចោលនូវមីនប្រឆាំងមនុស្សជាង ១លានគ្រាប់ មីនប្រឆាំង​រថក្រោះ​​ជាង​ ២​​៣.០០០ ​គ្រាប់ និង UXO ជាង ២ លាន ៥ សែនគ្រាប់។

ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ការងារបោសសំអាតមីនជាការងារមួយដែល​រាជរដ្ឋាភិបាល ជាពិសេសអជ្ញាធរមីនកម្ពុជា និង ប្រតិបត្តិករសកម្មភាពមីនជាតិ និង អន្តរជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីរំដោះផ្ទៃដីដែលមានមីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីឲ្យប្រជាពលរដ្ឋយកដីទាំងនោះ ទៅប្រកបរបរកសិកម្ម រួមចំណែកកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា យោងតាមការស្រាវជ្រាវ​ទិន្នន័យមូលដ្ឋាន​ដែលទើប​នឹង​​បញ្ចប់នៅឆ្នាំ ២០១២ និងការស្រាវជ្រាវបន្ថែមមួយចំនួនទៀត​នៅភាគខាង​កើត​ប្រទេស បានឲ្យដឹងថា កម្ពុជានៅមានផ្ទៃដីដែលសង្ស័យថាមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រាយប៉ាយពេញផ្ទៃប្រទេស ដែលត្រូវការបោសសំអាតប្រមាណ២ពាន់គីឡូម៉ែត្រក្រឡា ហើយ​នឹង​​​ត្រូវប្រើរយៈពេល ១៥ ឆ្នាំ ថវិកាប្រមាណ ៤៥០ លានដុល្លាអាមេរិក សម្រាប់ការ បោស​សំអាត។

ឯកឧត្តម​រដ្ឋមន្ត្រី បានផ្តាំផ្ញើទៅដល់​ប្រតិបត្តិករដោះមីន ត្រូវយកចិត្តទុកដាក់ទៅលើ​ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងការ​បោស​សំអាតគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយ​ស្មារតីទទួលខុសត្រូវ គុណភាព និង ប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ដីជូន​ប្រជាពល​រដ្ឋ​យកទៅ​ប្រើប្រាស់ក្នុងរបរកសិកម្ម ប្រកប​ដោយ​​សុវត្ថិភាព។​ ឯកឧត្តមក៏បានប្រគល់អំណោយជូនមន្ត្រី CMAC រួមមាន៖ ​មីចំនួន៧០កេស, ទឹកត្រីចំនួន ៤០យួរ, ទឹកស៊ីអ៊ីវចំនួន៤០យួរ, ទឹកសុទ្ធចំនួន៤០កេស, ទឹកក្រូចចំនួន ៣០ កេស, និង ផ្តល់ថវិកាជូនមន្ត្រី CMAC ក្នុងម្នាក់​ចំនួន៤ម៉ឺនរៀល។ បន្ទាប់មកឯកឧត្តម និងអ្នករួមដំណើរក៏បានអញ្ជើញ ទៅពិនិត្យ​មើល​សកម្មភាព​​កំចាត់មីននៅទីតាំង ចំការមីន​​ផងដែរ៕

Related Post