ឯកឧត្តម ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យ លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការងារដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបានលើកអំពីការងារអាទិភាពមួយចំនួន និងចំណុចសំខាន់ទាក់ទងនឹងគម្រោងភូមិឌីជីថល (Digital Village) នៅខេត្តតាកែវ គម្រោងទីក្រុងឆ្លាត(Smart City) នៅខេត្តសៀមរាប និងការអភិវឌ្ឍកម្មវិធី E-Library។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍អំពីការប្រែក្លាយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានទៅជា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ហើយក្រសួងបានផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ឆ្នាំសិក្សា២០២១ ចំនួន ១០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកទូរគមនាគមន៍និងបណ្តាញ(Telecoms & Network) (២) វិទ្យាសាស្ត្រកុំព្យូទ័រ(Computer Science) និង(៣) ពាណិជ្ជកម្មអេឡិចត្រូនិក(e-Commerce) ចំពោះសិស្សឆ្នើម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ភាគីឥណ្ឌាជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្ត្រីក្រសួង ក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបានស្នើពិនិត្យលទ្ធភាពជួយគាំទ្រដល់ការបំពាក់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា បម្រើដល់ការបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឲ្យកាន់តែមានសក្កានុពល និងប្រយោជន៍យូរអង្វែង។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋសាធារណរដ្ឋឥណ្ឌា បានលើកឡើងថា វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាវិស័យអាទិភាពហើយនឹងត្រៀមខ្លួនចូលរួមចំណែកអភិវឌ្ឍន៍នៅប្រទេសកម្ពុជា បើសិនជាប្រទេសកម្ពុជាយើងមានតម្រូវការខាងផ្នែកទូរគមនាគមន៍ និង ICT លោកជំទាវឯកអគ្គរដ្ឋទូត នឹងផ្តល់ជាអ្នកជំនាញបច្ចេកទេសមកប្រទេសកម្ពុជាដើម្បីធ្វើការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផងដែរ។

-ថតរូបដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តម ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យ លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ