• ខ្មែរ
  • EN

សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Brite Digital

នារសៀលថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង​ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជា​ដៃគូរវាង​ក្រសួង​​ប្រៃសណីយ៍​​​និងទូរគមនាគមន៍​ និង​ក្រុមហ៊ុន Brite Digital ជាតំណាងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំ​កម្ពុជា ដែលមានលោកស្រី LEON Lorida-Sereipheap នាយកគ្រប់គ្រង ជាតំណាង។

កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនBrite Digital ក្នុងការអភិវឌ្ឍសូហ្វវែរ “កម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស”  (Khmer Fastype Tool) ដើម្បីសម្រួលដល់ការសរសេរអត្ថបទជាភាសាខ្មែរក្នុងសូហ្វវែររដ្ឋបាលរបស់ម៉ៃក្រូសូហ្វ (Microsoft Office)។ បន្ទាប់ពីបញ្ចប់ការអភិវឌ្ឍ អ្នកប្រើប្រាស់អាចដំឡើងកម្មវិធីនេះជាអនុកម្មវិធីនៅក្នុងសូហ្វវែររដ្ឋបាលរបស់ម៉ៃក្រូសូហ្វ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទជាភាសាខ្មែរក្នុង​កិច្ចការរដ្ឋបាលប្រចាំថ្ងៃឱ្យបានកាន់តែឆាប់រហ័ស ចំណេញពេលវេលាច្រើន និងបាន​ត្រឹមត្រូវ តាមរយៈការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ដោយអាចស្នើពាក្យ ឬឃ្លាបន្ទាប់ ដែលធ្លាប់បានប្រើប្រាស់ច្រើនកន្លងមក។ ភាគីទាំងពីរកំពុង​សិក្សាពីលទ្ធភាពក្នុងការបញ្ចូលតួនាទីត្រួតពិនិត្យអក្ខរាវិរុទ្ធ (Spelling Check) ជាភាសាខ្មែរ ក្នុងសូហ្វវែររដ្ឋបាលរបស់ម៉ៃក្រូសូហ្វ ផងដែរ។​

Related Post