រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី “បញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា” ដោយមានការចូលរួមពី ទេវវិនិយោគិន (Angel Investor) ក្រុមហ៊ុនវិនិយោគទុន (Venture Capital) មូលធនឯកជន (Private Equity), ធនាគារវិនិយោគ (Investment Banks) និងទុនវិនិយោគមូលនិធិ (Seed Funding Organization) ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា និងតំបន់។
កិច្ចពិភាក្សានេះមានគោលបំណងសំខាន់ចំនួនបី គឺ ទី១. ស្វែងយល់ពីបច្ចុប្បន្នភាពនៃការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងតំបន់ ទី២. ពង្រឹងទំនាក់ទំនងនិងទំនុកចិត្តជាមួយបណ្តាញវិនិយោគិនក្នុងស្រុក និងតំបន់, និង ទី៣. ពិភាក្សាអំពីបញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ជាមួយ ទេវវិនិយោគិន (Angel Investor) និងក្រុមហ៊ុនវិនិយោគទុនជាតិ និងអន្តរជាតិ។