ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក ប្រធានអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ ត្រូវបានរៀបចំឡើងដោយអនុលោមតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចតុកោណយុទ្ធសាស្ត្រទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច មុំទី៣.ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដែលបានចាត់ទុកសន្តិសុខព័ត៌មាន ជាកិច្ចការអាទិភាពមួយដែលគាំទ្រ ជំរុញការអភិវឌ្ឍ និងការពារហានិភ័យក្នុងវិស័យឌីជីថល។ ទន្ទឹមនឹងនេះ ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ ក៏ស្របតាមនិន្នាការតំបន់និងសកលលោកផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ដែលបានរៀបចំឡើងនៅពេលនេះ គឺក្នុងគោលបំណងធានានិរន្តរភាពនៃសេវាសារវន្តរបស់ជាតិ មានជាអាទិ៍ សន្តិសុខជាតិ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សុខភាពសាធារណៈ សុវត្ថិភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការកំណត់គោលការណ៍ វិធាន និងយន្តការ ដើម្បីបង្ការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបទៅនឹងការគំរាមកំហែងសន្ដិសុខសាយប័រ និងឧប្បត្តិហេតុសន្ដិសុខសាយប័រ និងការធ្វើនិយត័កម្មហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។

អត្ថបទជាប់ទាក់ទង