• ខ្មែរ
  • EN

ហេតុអ្វីគួរជ្រើសរើសរៀនជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល?

ប្អូនៗសិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះ កំពុងតែពិចារណាជ្រើសរើសជំនាញសិក្សាបន្តនៅសាកលវិទ្យាល័យ ស្របពេលកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការប្រឡងរបស់ខ្លួន។ ការជ្រើសរើសជំនាញនៅថ្នាក់ឧត្តមសិក្សាត្រូវធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ ព្រោះការសម្រេចចិត្តមួយដែលមានឥទ្ធិពលលើអនាគតការងាររបស់ខ្លួន។

មានប្អូនៗខ្លះចង់សិក្សាជំនាញគ្រប់គ្រង គណនេយ្យ វិស្វករ ហើយមានខ្លះទៀតកំពុងពិចារណាជ្រើសរើសយកជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដូចជា វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking) បច្ចេកវិទ្យាក្លោដ (Cloud Computing) ការអភិវឌ្ឍសុសវែរ (Software Development) វិទ្យាសាស្ត្រទិន្នន័យ (Data Science) សន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាប្លុកឆេន (Block Chain) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)ជាដើម ប៉ុន្តែមិនទាន់មានមូលដ្ឋានច្បាស់ក្នុងការសម្រេចចិត្តនៅឡើយ។

ដូច្នេះ ហេតុអ្វីគួរជ្រើសរើសជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល?

តាមការសិក្សាស្រាវជ្រាវមានហេតុផលជាច្រើន ក្នុងនោះហេតុផលសំខាន់ៗចំនួន ៥ ដែលបានជំរុញឱ្យនិសិ្សតជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល ដូចខាងក្រោម៖

១.ទទួលបានប្រាក់បៀវត្សខ្ពស់ និងទីផ្សារការងារមានតម្រូវការច្រើន

បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយគ្រប់ស្ថាប័ន និងក្រុមហ៊ុនទាំងអស់ពិតជាត្រូវការអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការងារឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ន និស្សិតដែលបានបញ្ចប់ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ស្របពេលដែលតម្រូវការជំនាញនេះមានកាន់តែច្រើនឡើង ដែលជាឱកាសល្អសម្រាប់ទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ដោយសារអ្នកជំនាញបច្ចេកវិទ្យាឌីជីថលមិនសូវមានច្រើននាំឱ្យក្រុមហ៊ុននិងស្ថាប័នមានការប្រកួតប្រជែងជ្រើសរើសយកមកបម្រើការងារ ដោយផ្តល់ប្រាក់បៀវត្សខ្ពស់និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដោយអាចប្រកបការងារជាអ្នកអភិវឌ្ឍសុសវែរ អ្នកជំនាញសន្ដិសុខសាយប័រ និងអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាដើម។

២.បើកអាជីវកម្មដោយខ្លួនឯង

នៅក្នុងប្រទេសយើងសព្វថ្ងៃ អ្នកប្រកបអាជីវកម្មលើវិស័យបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ដូចនេះ អ្នកមានជំនាញផ្នែកនេះ អាចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយពីអ្នកជំនាញទៅជាម្ចាស់អាជីវកម្ម ឬអ្នកបង្កើតធុរកិច្ចថ្មីឌីជីថល (Startup) តាមរយៈការផ្តល់សេវាកម្មថ្មី ប្លែក ហើយថែមទាំងងាយស្រួលចូលទីផ្សារផងដែរ។ បច្ចុប្បន្ននេះ ឱកាសអាជីវកម្មនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅមានច្រើន បើធៀបនឹងអាជីវកម្មប្រពៃណីដែលមានស្រាប់។

៣.មានការផ្តល់អាហារូបករណ៍ជាច្រើន

ដើម្បីរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅកម្ពុជា មានអាហារូបករណ៍ជាច្រើនផ្តល់ជូនដល់សិស្សានុសិស្ស ដើម្បីបន្តចូលរៀនមហាវិទ្យាល័យលើជំនាញបច្ចេកវិទ្យាឌីជីថល។ ជាក់ស្តែង “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់ជូនការសិក្សា ជំនាញបច្ចេកវិទ្យាឌីជីថល ដល់សិស្សឆ្នើមរហូតដល់ ៥០០កន្លែង ជារៀងរាល់ឆ្នាំ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ដោយនិស្សិតអាហារូបករណ៍ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង ការរ៉ាប់រងលើថ្លៃសិក្សា ប្រាក់ឧបត្ថម្ភលើការស្នាក់នៅ និងហូបចុកសម្រាប់រយៈពេល៤ឆ្នាំ។ ក្រៅពីនេះ មានអាហារូបករណ៍ក្នុងនិងក្រៅប្រទេសជាច្រើនទៀត ដែលបានផ្តល់ជូនជាបន្តបន្ទាប់សម្រាប់ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដូចជា វគ្គបណ្តុះបណ្តាលជំនាញថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល។

៤.មុខវិជ្ជាមានប្រយោជន៍ និងគួរចាប់អារម្មណ៍ជាច្រើន

ការជ្រើសរើសជំនាញបច្ចេកវិទ្យាឌីជីថល គឺមានការបារម្ភថាមានមុខវិជ្ជាពិបាកក្នុងការសិក្សា។ ផ្ទុយទៅវិញមាននិស្សិតជាច្រើនក្រោយបានចូលរៀនជំនាញនេះ ពួកគេបានសម្តែងនូវការសប្បាយរីករាយ និងចាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជាដែលពួកគេរៀន ដោយសារតែមុខវិជ្ជាភាគច្រើនផ្តល់នូវពុទ្ធិថ្មីៗ ដូចជាការដោះស្រាយបញ្ហា និងរបកគំហើញថ្មីៗមិនធ្លាប់មានជាដើម។ ហើយមុខវិជ្ជានីមួយៗសុទ្ធសឹងតែមានសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងការទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលជាអតិបរមា។

៥.ចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឱ្យមានវឌ្ឍនភាពឈានឡើង

បច្ចេកវិទ្យាឌីជីថលបានដើតួរយ៉ាងសកម្មក្នុងការប្រែក្លាយនិងជំរុញសកម្មភាពពាណិជ្ជកម្ម ប្រតិបត្តិការធុរកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ការទទួលបានសេវាហិរញ្ញវត្ថុ និងសេវាកម្សាន្តជាច្រើនផ្សេងទៀត។ សមិទ្ធផលសំខាន់ដែលយើងបានប្រើប្រាស់សព្វថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ត្រូវអរគុណដល់គំនិតដ៏អស្ចារ្យរបស់និស្សិតបញ្ចប់ការសិក្សា ផ្នែកបច្ចេកវិទ្យាឌីជីថល ដែលពួកគាត់បានប្រើប្រាស់ចំណេះដឹងលើផ្នែកបច្ចេកទេសបង្កើតឧបករណ៍និងកម្មវិធីជាច្រើនដែលជួយសម្រួលដល់ការរស់នៅ ការធ្វើការ និងការទំនាក់ទំនងប្រចាំថ្ងៃ។ក្នុងន័យនេះ ក្រោយបញ្ចប់ការ សិក្សានិស្សិតអាចប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឱ្យមានវឌ្ឍនភាពឈានឡើង ព្រមទាំងកសាងសង្គមស៊ីវីល័យស្របតាមនិន្នាការតំបន់ និងសកល។

Related Post