• ខ្មែរ
  • EN

ឯកឧត្តមអនុរដ្ឋលេខាធិការ ហួត ចាន់យ៉ារ៉េត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងនីតិវិធីទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន បញ្ញើសង្ស័យ និងបញ្ញើហាមឃាតឆ្លងកាត់តាមបញ្ញើប្រៃសណីយ៍

ខេត្តកំពត៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារកំពតថ្មី ខេត្តកំពត ឯកឧត្តម ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងនីតិវិធីទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន បញ្ញើសង្ស័យ និងបញ្ញើហាមឃាតឆ្លងកាត់តាមបញ្ញើប្រៃសណីយ៍ ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងជាអនុប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ឯកឧត្តម ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងតុលាការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត តំណាងសាខាគយ និងរដ្ឋាករខេត្តកំពត ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ត្រីរាជការទាំង៩ខេត្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តទាំង៩ សាខាប្រៃសណីយ៍កម្ពុជាខេត្តទាំង៩ និងប្រធានសាខាប្រតិបត្តិករប្រៃសណីយ៍ឯកជនជាច្រើនរូប។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលានេះឡើង ដើម្បីបង្ហាញពីនីតិវិធីទប់ស្កាត់ ត្រួតពិនិត្យ បង្ក្រាបគ្រឿងញៀន និងបញ្ញើហាមឃាត់ ព្រមទាំងនីតិវិធីត្រួតពិនិត្យកញ្ចប់បញ្ញើមុនពេលទទួល ឲ្យយល់ដឹងពីបញ្ញើដែលសង្ស័យមានលួចលាក់បង្កប់ វត្ថុដែលច្បាប់ហាមឃាត់ និងជំរុញឲ្យក្រុមហ៊ុនដែលផ្តលសេវាប្រៃសណីយ៏មកចុះបញ្ជីស្របច្បាប់ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា សិក្ខាសាលាថ្ងៃ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការតាមដានវាយតម្លៃ និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ក៌ដូចជាការស្វែងរកនូវវិធានការនានាដើម្បីកាត់បន្ថយហានិភ័យជាអតិបរមាក្នុងគោលដៅរក្សានូវស្ថិរភាពសេដ្ឋកិច្ចជាតិ និងសង្គមជាតិ។

ស្របជាមួយគ្នានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា វិស័យប្រៃសណីយ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួល ប្រមូល ដឹកជញ្ជូន និងចែកចាយបញ្ញើ ស្របតាមយុគ្គសម័យឌីជីថល ដែលសកម្មភាពទាំងនេះជាការជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសង្គមជាតិនាពេលបច្ចុប្បន្នផងដែរ។

Related Post