• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia) ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព មន្ត្រីរាជការនៃ ក.ប.ទ. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រឹះស្ថានអប់រំ និងវិស័យឯកជនជាច្រើនរូប។

ថ្នាលសហគមន៍ឌីជីថលកម្ពុជា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ជាពិសេស ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលបំណងប្រមូលផ្តុំអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា សហគ្រិនឌីជីថល និងអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថល ព្រមទាំងសិស្ស-និស្សិត ដើម្បីអាចបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរនិងបច្ចេកវិទ្យាឌីជីថល លើកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជំរុញការរីកចម្រើននៃវិស័យឌីជីថល ឈានទៅដល់ការកសាងមូលធនមនុស្សឱ្យក្លាយទៅជាពលរដ្ឋឌីជីថល (Digital Citizen) នៅកម្ពុជា។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ថ្នាលសហគមន៍ឌីជីថលកម្ពុជាគឺពិតជាមានសារៈសំខាន់និងភាពចាំបាច់ ដែលអាចចូលរួមអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានាបាននូវភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងការអនុវត្តបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា សហគមន៍ឌីជីថលកម្ពុជានេះ ជាថ្នាលប្រមូលផ្តុំ និងផ្សព្វផ្សាយដល់វិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ និងសាធារណជន ឱ្យយល់ដឹងជ្រួតជ្រាបអំពីវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដូចជា៖

១. សម្រាប់រាជរដ្ឋាភិបាល៖ កៀរគរអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថល ឱ្យចូលរួមក្នុងការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត ទំនុកចិត្តប្រជាពលរដ្ឋ និងអាចកំណត់បាននូវតម្រូវការ និងការផ្គត់ផ្គង់កម្លាំងការងារឌីជីថលក្នុងប្រទេស។

២. សម្រាប់វិស័យឯកជន៖ អាចជ្រើសរើសបុគ្គលិកដែលមានចំណេះជំនាញបច្ចេកវិទ្យាឌីជីថលតាមតម្រូវការ។

៣. សម្រាប់គ្រឹះស្ថានអប់រំ៖ ជួយឱ្យសិស្ស-និស្សិតអាចអភិវឌ្ឍចំណេះដឹង បទពិសោធន៍ បង្កើតទំនាក់ទំនង ឱកាសហាត់ការឬចុះកម្មសិក្សា ឱកាសការងារ និងអាចស្វែងរកនិងទទួលបានអាហារូបករណ៍ ពី ក.ប.ទ.។

៤. សម្រាប់អ្នកបច្ចេកវិទ្យាឌីជីថលវ័យក្មេង៖ មានទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យរបស់ខ្លួន ទទួលព័ត៌មានអំពីបច្ចេកវិទ្យាឌីជីថលពី ក.ប.ទ. និងប្រភពផ្សេងៗ ហើយសមាជិកក៏អាចទទួលការបណ្តុះបណ្តាល ពី ក.ប.ទ. ព្រមទាំងទទួលឱកាសអាចស្វែងរកការងារទាំងក្នុងនិងក្រៅប្រទេស។

៥. សម្រាប់ប្រជាពលរដ្ឋ៖ លើកកម្ពស់គុណភាពជីវិត តាមរយៈការរៀនសូត្រ ពង្រីកចំណេះដឹង បទពិសោធ ទំនាក់ទំនងសង្គម និងឱកាសទទួលបានការងារល្អ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សាធារណជនទាំងអស់ មេត្តាចូលរួមប្រើប្រាស់ និងទាញយកប្រយោជន៍ពីថ្នាលសហគមន៍ឌីជីថលកម្ពុជានេះ ឱ្យបានជាអតិបរមា តាមរយៈវែបសាយ https://dcc.gov.kh ឬស្កេន QR Code ខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជាសូមទំនាក់ទំនងលេខទូរសព្ទ 097 467 4999 ឬតាមដានទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ “សហគមន៍ឌីជីថលកម្ពុជា- Digital Community of Cambodia”។

Related Post