• ខ្មែរ
  • EN

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ក.វ.វ.ស.) បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត” ដោយក្នុងពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. និង ក.វ.វ.ស. សរុបចំនួនប្រមាណ ២៥០ នាក់។

ផ្អែកតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក.ប.ទ. នឹងជួយគាំទ្រដល់ ក.វ.វ.ស. ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ក.វ.វ.ស. ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាអាទិ៍៖

– ការដាក់ QR Code ស្តង់ដាលើសញ្ញាបត្រនិងវិញ្ញាបនបត្រនៃគ្រឹះស្ថានបណ្តុះបណ្តាលចំណុះ ក.វ.វ.ស. និងឯកសារដទៃទៀត ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh

– ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង

– ការកំណត់តម្រូវការនៃការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់សុសវែរដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ

– ការកំណត់មុខសញ្ញាមន្រ្តីជំនាញដែលត្រូវទទួលការបណ្តុះបណ្តាល

– ការពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

– ការគិតគូរអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃ។

ពិធីចុះហត្ថលេខាក្នុងថ្ងៃនេះ គឺជាលើកទី៥ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីបានធ្វើជាមួយក្រសួងចំនួន ៣ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ២១ កាលពីពេលកន្លងមក។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។

Related Post