• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣”

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood Phnom Penh ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រប្រគល់ពានរង្វាន់ “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣” ដែលជាកម្មវិធីលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេស ការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងដុះខាត់សមត្ថភាព តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី អាណាព្យាបាល ក្រុមគ្រួសារ និងសិស្សានុសិស្ស ជាបេក្ខជនឆ្នើម។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សឌីជីថល គឺជាអាទិភាពចម្បងបំផុត ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ច-សង្គមឌីជីថល និងសម្រាប់ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ សំដៅដល់ការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស តំបន់ និងសកល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាក់ស្តែងពាក់ព័ន្ធនឹងការកសាងធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល កន្លងមកនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបំពេញបេសកកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងការលើកកម្ពស់និងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាអាទិ៍៖ ការផ្តួចផ្តើមបង្កើតកម្មវិធីសម្រាប់ជំរុញការយល់ដឹងជាសាធារណៈពីឌីជីថល (Tech Awareness) ការជំរុញការចាប់យកឌីជីថល (Tech Adaptation) បង្កើនការយល់ដឹងឌីជីថល ការជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងអ៊ីនធឺណិត មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍​ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System) ជូនដល់គ្រឹះស្ថានឧត្តមសិក្សា ការរៀបចំផែនទីបង្ហាញផ្លូវ (Roadmap) សម្រាប់ការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ការកសាងធនធានមនុស្សឆ្នើមឌីជីថល មានកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ, វគ្គបណ្តុះបណ្តាលជំនាញឌីជីថល, និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល​ ជាដេីម។

ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារទទួលបន្ទុករៀបចំកម្មវិធីបញ្ញវន្តឌីជីថល ដែលបានខិតខំប្រឹងប្រែងតាំងពីដើមរហូតដល់ចប់ និងថ្លែងអំណរគុណដល់ដៃគូសហការឧបត្ថម្ភដល់ដំណើរការនៃកម្មវិធីពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា កម្មវិធីបញ្ញវន្តឌីជីថលនឹងផ្តល់ផ្លែផ្កាត្រលប់មកវិញនូវមូលធនមនុស្សឌីជីថល ដែលកម្លាំងសកម្មមួយក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមរដ្ឋមន្ត្រី បានសម្រេចផ្តល់ជូនរង្វាន់ដែលជាជ័យលាភីពីលេខ ១ ដល់ លេខ៣០ នៅក្នុងកម្មវិធីបញ្ញវន្តឌីជីថល (Digital Talent) រួមមាន៖

– ជ័យលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ចំនួន ១៥លានរៀល ពានរង្វាន់ជ័យលាភី មេដាយជ័យលាភីលេខ ១ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

– ជ័យលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ចំនួន ១០លានរៀល មេដាយជ័យលាភីលេខ ២ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

– ជ័យលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៥លានរៀល មេដាយជ័យលាភីលេខ ៣ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

– បេក្ខជនដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដល់១៥ ក្នុងម្នាក់ៗទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿង។

– បេក្ខជនដែលស្ថិតក្នុងលំដាប់លេខរៀង ១៦ ដល់ ៣០ ក្នុងម្នាក់ៗនឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ២0ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

– បន្ថែមពីលើរង្វាន់ជាទឹកប្រាក់និងកុំព្យូទ័រយួរដៃ ចំពោះចំណាត់ថ្នាក់លេខ ១ ដល់លេខ ៦ ដែលជាបេក្ខជនជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនឹងទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រួមទាំងដំណើរទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google , Amazon Web Services និង Meta ជាដើម នៅប្រទេសសិង្ហបុរី។

Related Post