• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង​ ចូលជួបប្រជុំជាមួយគណៈកម្មការទី៩ រដ្ឋសភា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង​ ចូលជួបប្រជុំ​ និងរាយការណ៍ការងារជូន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈកម្មការទាំង១០​ នៃរដ្ឋសភា។ ជំនួប​នេះ​ រៀបចំឡេីងក្នុងគោលបំណងដើម្បីឈ្វេងយល់និងពិភាក្សាអំពីការវិវឌ្ឍ បញ្ហាប្រឈមជាទូទៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងទិសដៅការងារទៅថ្ងៃអនាគត។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងការកំណែទម្រង់ផ្ទៃក្នុងក្រសួង ការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យរបស់ក្រសួង ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពី ការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ​ ក៏បានជម្រាបជូនពីការធ្វើបរិវត្តកម្មឌីជីថល ក្នុងក្រសួង-ស្ថាប័ន ការបង្កេីតអង្គភាពបរិវត្តកម្មឌីជីថល ការរៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឧបករណ៍និងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការរៀបចំផែនការអភិវឌ្ឍឌីជីថលក្នុងក្រសួងនីមួយៗ និងការរៀបចំផែនការសកម្មភាពជាដើម។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមអំពីការកសាងពលរដ្ឋឌីជីថល ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការបង្កើតថ្នាលឌីជីថលនានា ក្នុងគោលដៅ ពលរដ្ឋកម្ពុជា នឹងប្រែក្លាយទៅជាពលរដ្ឋឌីជីថល ក្នុងរយៈពេល ១០-១៥ឆ្នាំខាងមុខ តាមរយៈការបញ្ជ្រាបបច្ចេកវិទ្យាឌីជីថលនៅក្នុងសង្គមកម្ពុជា។

ក្រោយពី ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈកម្មការរួចហើយ លោកជំទាវប្រធានគណៈកម្មការ បានថ្លែងការកោតសរសើរចំពោះរបាយការណ៍ដ៏ល្អិតល្អន់ និងការឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រេចបាន។ ជាពិសេសគឺ លោកជំទាវ ចាប់អារម្មណ៍ខ្លាំងលើការធ្វើកំណែទម្រង់របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សតាមរយៈការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល។ លោកជំទាវប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានថ្លែងថា សមិទ្ធផលទាំងឡាយដែលបានលើកឡើង គឺពិតជាបានបង្ហាញឱ្យឃើញថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងអនុវត្តស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ លោកជំទាវនឹងនាំយកនូវស្នាដៃដ៏ត្រចះត្រចង់របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទាំងនេះ ទៅជម្រាបជូនថ្នាក់ដឹកនាំរដ្ឋសភាបានជ្រាបផងដែរ។

Related Post