• ខ្មែរ
  • EN

សេចក្ដីជូនដំណឹង ស្ដីពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៣០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤

ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២១មក។ កម្មវិធីអាហារូបករណ៍នេះបានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយបានទទួលសិស្សចំនួន 570នាក់ ជ្រើសរើសចេញពីសិស្សពូកែទូទាំងប្រទេស។ ដើម្បីកសាងធនធានមនុស្សឆ្នើមលើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្ដល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរហូតដល់ ៣០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។

១. អត្ថប្រយោជន៍នៃអាហារូបករណ៍

និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍ រួមមាន៖

– កុំព្យូទ័រយួរដៃ ១គ្រឿង

– ការរ៉ាបរងថ្លៃសិក្សា១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី៣,១០០ រហូតដល់២៤,៧០០ ដុល្លារអាមេរិក

– ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាជាដើម។

២. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដែលមានជំនាញ និងចំនួនកំណត់ដូចខាងក្រោម៖

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ១៥០កន្លែង

– ទូរគមនាគមន៍ និងបណ្ដាញ (Telecommunications and Networking)

– វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

– ធុរកិច្ចឌីជីថល (Digital Business)

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ២៥កន្លែង

– វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronics Engineering)

– វិស្វកម្ម និងវិទ្យាសាស្រ្តទិនន្ន័យ (Data Science and Engineering)

សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ២៥កន្លែង

– សេដ្ឋកិច្ចឌីជីថល (Digital Economy)

– ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ២៥កន្លែង

– វិស្វកម្មសុសវែរ (Software Engineering)

– វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ៥០កន្លែង

– បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)

– វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)

– សន្តិសុខសាយប័រ (Cybersecurity)

– ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ចំនួន ២៥កន្លែង

– វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)

– គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)

៣. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម៖

– ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ដែលមាននិទ្ទេសរួម A B ឬ C

– ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស និងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់

– សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបាន លើកទឹកចិត្ត។

៤. កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ

ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ៖ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧/ ០៧៧ ៣៣៥ ៨៧៧។

ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹង ទទួលបានឱកាសការងារល្អដែលមានប្រាក់ចំណូលខ្ពស់សម្រាប់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។

Related Post