• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ និងពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ និងពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ ២០២៣ ដោយមានការអញ្ជីញចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា​ ក្រសួងស្ថាប័ន ស្ថានទូត វិស័យឯកជន សហគមន៍ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកបច្ចេកវិទ្យាជាច្រើនរូប។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ហើយចូលរួមក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។ ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការចូលរួមស្រ្តីប្រកបដោយបរិយាបន្ន និងការទទួលស្គាល់នូវសមិទ្ធផលរបស់ស្រ្តីជាវិស្វករបច្ចេកវិទ្យា អ្នកច្នៃប្រឌិត មន្រ្តីរាជការ យុវនារី និងសហគ្រិនក្នុងវិស័យឌីជីថល ព្រមទាំងជាវេទិកាសម្រាប់ស្រ្តីក្នុងការចែករំលែក ចំណេះដឹង បទពិសោធ និងបង្កើតទំនាក់ទំនងបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងកិច្ចការនារី។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ភាគីទាំងអស់ ដែលខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំក្រសួង CADT ចៅក្រម ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ និងប្រគល់ជូនពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ និងពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ ២០២៣ ព្រមទាំងលិខិតសរសើរជូនដល់ជ័យលាភី រួមមាន៖

ពានរង្វាន់ឌីជីថលកម្ពុជា២០២៣ មានក្រុមហ៊ុនជ័យលាភីចំនួន៥ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង៥០ ក្រុមហ៊ុន ស្ថាប័នដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។ ជ័យលាភីទាំង ៥ ប្រភេទពានរង្វាន់ រួមមាន៖

– ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ត្រូវបានផ្តល់ជូន Kiripost របស់ក្រុមហ៊ុន Kiripost Media

– ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the Year) ត្រូវបានផ្តល់ជូន “CAM-Science” របស់ក្រុមហ៊ុន CHALATEX

– ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the Year) ត្រូវបានផ្តល់ជូន ធនាគារវីង (Wing Bank) លើផលិតផល “Wing Digital Loan”

– ពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the Year) ត្រូវបានផ្តល់ជូន “ DamDoh App ” របស់ក្រុមហ៊ុន Hostmobiz

– ពានរង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ធុរកិច្ចថ្មី (Minister of Post and Telecommunication Startup Award) ដែលពានរង្វាន់ពិសេស មានទឹកប្រាក់ ១ម៉ឺនដុល្លារ សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបង្កើតធុរកិច្ចថ្មីឌីជីថល ការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងសមត្ថភាពក្នុងការច្នៃប្រឌិត ក៏ដូចជាគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងប្រទេស ដែលត្រូវបានផ្តល់ជូន ” Tenbox ” របស់ក្រុមហ៊ុន Wave Asia។

ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាបេក្ខនារីចំនួន ៥រូប ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង៦០រូប ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺសាវតាការងារ ការច្នៃប្រឌិតបច្ចេកវិទ្យា និងឥទ្ធិពលដល់សង្គម។ ជ័យលាភីទាំង ៥រូប ដែលទទួលបានពានរង្វាន់ រួមមាន៖

(១). ពានរង្វាន់យុវតីឌីជីថលឆ្នើមប្រចាំឆ្នាំ (Digital Youngster of the Year) ត្រូវបានផ្តល់ជូន កញ្ញា ជុន ផល្លាមនុញ្ញ ជានិស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

(២). ពានរង្វាន់ស្ត្រីអ្នកច្នៃប្រឌិតឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Creative of the Year) ត្រូវបានផ្តល់ជូន កញ្ញា ម៉េង ម៉ូលីនណា អ្នកបង្កើតមាតិការឯករាជ្យ

(៣). ពានរង្វាន់ស្ត្រីវិស្វករឌីជីថលឆ្នើមប្រចាំឆ្នាំ (Digital Engineer of the Year) ត្រូវបានផ្តល់ជូន កញ្ញា ទេស ពុទ្ធិរ៉ា មកពីក្រុមហ៊ុន ADITI

(៤). ពានរង្វាន់ស្ត្រីសហគ្រិនឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Entrepreneur of the Year) ត្រូវបានផ្តល់ជូន លោកស្រី ចៅ លន់ មូលីការ ប្រធានក្រុមហ៊ុន Sophea Moly Agro-Retails & Trading Co., Ltd.

(៥).ពានរង្វាន់ស្រ្តីឆ្នើមក្នុងនវានុវត្តន៍រដ្ឋាភិបាលឌីជីថលប្រចាំឆ្នាំ (Female Digital Government Innovator) ត្រូវបានផ្តល់ជូន កញ្ញា អ៊ុង សុម៉ី មកពីធនាគារជាតិនៃកម្ពុជា។

កម្មវិធី​ពានរង្វាន់​ទាំងពីរទទួលការឧបត្ថម្ភនិងគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងកិច្ចការនារី,​ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា,​ មូលនិធិ ស.អ. ក្រុមហ៊ុន Smart Axiata និង Huawei Technologies (Cambodia)។

Related Post