• ខ្មែរ
  • EN

ឯកឧត្តមអគ្គនាយក ជាង សុភ័ក្រ បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទស្តីពីវិទ្យុគមនាគមន៍ពិភពលោកឆ្នាំ២០២៣ របស់សហភាពទូរគមនាគមន៍អន្តរជាតិ នៅទីក្រុងឌូបៃ

ទីក្រុងក្រុងឌូបៃ៖ ឯកឧត្តម ជាង សុភ័ក្រ អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់វិទ្យុ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទស្តីពីវិទ្យុគមនាគមន៍ពិភពលោកឆ្នាំ២០២៣ (World Radiocommunication Conference – WRC 2023) របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលត្រូវបានរៀបចំទ្បើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ នៃអេមីរ៉ាអារ៉ាប់រួម (UAE)។

សន្និសីទ WRC-23 ជាកិច្ចប្រជុំសំខាន់មួយរបស់សហភាពទូរគមនាគមន៍អន្តរជាតិដែលជាអង្គការមួយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកវិស័យទូរគមនាគមន៍ ដែលត្រូវបានរៀបចំទ្បើងជារៀងរាល់៤ឆ្នាំម្តងដោយការិយាល័យវិទ្យុគមនាគមន៍ នៃ ITU ហើយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិកសរុប ១៨០ និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនផ្សេងទៀត មកពីជុំវិញពិភពលោកផងដែរ។ សន្និសីទនេះមានរបៀបវារៈពិភាក្សាទៅលើការងារសំខាន់ៗមួយចំនួន រួមមាន៖ ១.) រៀបចំគោលនយោបាយរួមស្តីពីការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសម្រាប់សេវាវិទ្យុគមនាគមន៍សម្រាប់រយ:ពេលបួនឆ្នាំបន្តទៀត ២.) កែសម្រួលបទប្បញ្ញត្តិវិទ្យុគមនាគមន៍និងការរៀបចំបែងចែកហ្វ្រេកង់ស៍វិទ្យុតាមរយ:ការស្នើពីរដ្ឋសមាជិកនានាស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យា និងពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើនផ្សេងទៀត។

នៅក្នុងសន្និសីទ WRC-23 នេះ ឯកឧត្តម ជាង សុភ័ក្រ និងគណៈប្រតិភូ ក.ប.ទ. បានចូលរួមពិភាក្សាការពារសំណើកែប្រែនិងកំណត់ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុនានាដែលបណ្តាប្រទេសសមាជិករបស់សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបានដាក់សំណើជាពិសេស ដោយឡែកពហុប្រទេសរួមជាមួយប្រទេសមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការកំណត់ការប្រើប្រាស់បន្ទារហ្វ្រេកង់ស៍វិទ្យុ 6GHz សម្រាប់សេវាទូរសព្ទចល័ត ព្រមទាំងចូលរួមតាមដាននិងពិភាក្សារាល់សំណើរដែលលើកឡើងពីបណ្តារប្រទេសផ្សេងៗទៀត។

ជាលទ្ធផល សំណើប្រើប្រាស់ហ្វ្រេកង់ស៍ 6GHz (6425-7125MHz) សម្រាប់សេវាទូរសព្ទចល័តនៅកម្ពុជាត្រូវបានអនុម័តដោយកិច្ចប្រជុំ ដែលមានន័យថាកម្ពុជាអាចប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសរុប 700MHz បន្ថែមទៀតសម្រាប់សេវាទូរសព្ទចល័តជំនាន់ទី៥ និងទី៦។ ក្រៅពីនេះលទ្ធផលសំខាន់ៗផ្សេងទៀតដែលសន្នីសីទអនុម័តរួមមាន: ១) ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសម្រាប់សេវាទូរសព្ទចល័តដែលផ្តល់ដោយផ្ទាល់ពីផ្កាយរណប និងស្ថានីយដែលបង្ហោះនៅរយ:កំពស់ខ្ពស់ (២០គីឡូម៉ែត្រពីផែនដី) ដើម្បីបំពេញបន្ថែមតំបន់ដែលពុំមានសេវាទូរសព្ទចល័ត ២) ហ្វ្រេកង់ស៍វិទ្យុបន្ថែមសម្រាប់ផ្កាយរណបទូរគមនាគមន៍ជាពិសេសសម្រាប់បច្ចេកវិទ្យា IoT តាមផ្កាយរណប និងផ្កាយរណបសម្រាប់ផ្តល់រូបភាពពីអាកាស និង ៣) នីតិវិធីនានាដើម្បីការពារសេវាដែលមានស្រាប់ពីការឆ្លងរំខានពីសេវាដែលត្រូវប្រើប្រាស់ថ្មី។ លទ្ធផលទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងក្របខណ្ឌសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។

Related Post