• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ និងសន្និសីទអាស៊ានលើកទី៤

ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយនិងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ (The 2nd Vietnam International Digital Week) និងសន្និសីទអាស៊ានលើកទី៤ ស្តីពី 5G (The 4th ASEAN Conference on 5G) ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននិងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម។

កម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ ផ្ដោត​សំខាន់​លេី (1)កិច្ចពិភាក្សាតុមូលគោលនយោបាយ (Policy Roundtable) ក្រោមប្រធានបទការអភិវឌ្ឍន៍កម្មវិធី Narrow AI Application (២)សន្និសីទអាស៊ានលើកទី៤ ស្តីពី 5G (៣)សន្និសីទលើកទី២ ស្តីពីការបញ្ចុះថ្លៃសេវារ៉ូមីងចល័តអន្តរជាតិ (International Mobile Roaming Charging) នៅក្នុងអាស៊ាន (៤)សិក្ខាសាលាថ្នាក់តំបន់ ស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ICT ប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការអន្តរជាតិ អ្នកស្រាវជ្រាវគោលនយោបាយ និងធុរកិច្ចមកពីបណ្តាប្រទេសអាស៊ាន​ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងសាធារណរដ្ឋកូរ៉េ។

នៅក្នុងកិច្ចពិភាក្សាតុមូលគោលនយោបាយ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានថ្លែងសន្ទរកថាអន្តរាគមន៍ទាក់ទងនិងប្រធានបទការអភិវឌ្ឍកម្មវិធី Narrow AI Application និង បានដឹកនាំគណៈប្រតិភូ ក.ប.ទ. ជួបប្រជុំពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូប្រទេសវៀតណាម ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត Phan Tam អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងគមនាគមន៍ ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

Related Post