• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួង ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួង ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង ដោយផ្ទាល់​ និងតាមរយៈប្រព័ន្ធវីដេអូនៃសន្និសីទ Zoom។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងការកំណែទម្រង់ផ្ទៃក្នុង ការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ក្នុងការធ្វើទំនើបកម្ម ដើម្បីជំរុញវិស័យប្រៃសណីយ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍវិស័យទូរគមនាគមន៍ ដើម្បីផ្តល់ជូនសេវាទូរគមនាគមន៍ និងអុីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការដាក់ឱ្យប្រើកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអុីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រសួង ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍៖ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍, កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល, ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដើម្បីជំរុញការចាប់យកឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យក្លាយទៅជាពលរដ្ឋឌីជីថល ក្នុងរយៈពេល ១០-១៥ឆ្នាំខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីការធ្វើបរិវត្តកម្មឌីជីថល ក្នុងក្រសួង-ស្ថាប័ន ការបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ការរៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឧបករណ៍និងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការរៀបចំផែនការអភិវឌ្ឍឌីជីថលក្នុងក្រសួងនីមួយៗ និងការរៀបចំផែនការសកម្មភាពជាដើម។

ឯកឧត្ដម​រដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា សមិទ្ធផលដែលសម្រេចបានពេលនេះ ពិតជាបានមកដោយមានការចូលរួមធ្វើពលិកម្មយ៉ាងធំធេងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអនុវត្តគោលនយោបាយ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន អង្គពិធីអំពីការលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ និងគោលការណ៍គាំពារមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់។

Related Post