ស្ថិតិប្រជាសាស្ត្រថ្មីនៃបណ្តាញទំនាក់ទំនងសង្គម៖ ហ្វេសប៊ុកប្រឈមនឹងការបាត់បង់ឥទ្ធិពលលើយុវវ័យ

ថ្មីៗនេះមានសញ្ញាអវិជ្ជមានមួយចំនួនបានចាប់ផ្តើមលេចឡើង នៅលើរបាយការណ៍ស្ថិតិប្រជាសាស្រ្តរបស់បណ្តាញទំនាក់ទំនងសង្គមមួយនេះ។ ជាក់ស្តែង ទោះបីយុវវ័យជាច្រើននៅតែប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ប៉ុន្តែពួកគេហាក់ដូចជាយល់ថា វាមិនមែនជាបណ្តាញសង្គមដ៏មានកិត្យានុភាព ឬសារសំខាន់ខ្លាំងទៀតឡើយសម្រាប់ពួកគេ ព្រោះតាមរយៈរបាយការណ៍ស្ថិតិ មានយុវវ័យជាច្រើនបានចាត់ទុកកម្មវិធី Instagram ជាបណ្តាញសង្គមដ៏សំខាន់បំផុត រីឯការធ្លាក់ចុះប្រជាប្រិយភាពនៃបណ្តាញសង្គមហ្វេសប៊ុក បានក្លាយជានិន្នាការដ៏គួរអោយកត់សម្គាល់មួយក្នុងចំណោមនិន្នាការផ្សេងៗទៀតនៃការធ្វើស្ថិតិបណ្តាញទំនាក់ទំនងសង្គម។

នាចុងឆ្នាំ២០១២ យុវវ័យប្រមាណ ៤២% បានចាត់ទុកថាបណ្តាញសង្គមហ្វេសប៊ុកមានសារសំខាន់បំផុត ក៏ប៉ុន្តែនៅដើមឆ្នាំ២០១៥ អត្រានេះបានធ្លាក់ចុះមកនៅត្រឹមតែ ១៤% ប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍ថ្មីមួយរបស់ BI Intelligence គឺយើងបានស្រង់យកទិន្នន័យពីប្រភពផ្សេងៗយ៉ាងច្រើនដើម្បីធ្វើការបកស្រាយ ក៏ដូចជាស្វែងយល់ពីដំណើរផ្លាស់ប្តូរនៃស្ថិតិប្រជាសាស្ត្រ និងចំណង់ចំណូលចិត្តលើបណ្តាញទំនាក់ទំនងសង្គម។

ខាងក្រោមនេះគឺជាចំណុចសំខាន់មួយចំនួនដែលដកស្រង់ចេញពីរបាយការណ៍ BI Intelligence ៖

  • កម្មវិធី Pinterest បានជ្រៀតចូលយ៉ាងខ្លាំងក្នុងចំណោមមនុស្សស្រី: តាមរយៈរបាយការណ៍របស់ Pew កាលពីចុងឆ្នាំ២០១៤ បានបង្ហាញថា ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណែតភេទស្រីរបស់សហរដ្ឋអាមេរិក មានប្រមាណ ៤២% បាននឹងកំពុងប្រើប្រាស់ Pinterest ធៀបទៅនឹងមនុស្សប្រុសដែលមានត្រឹមតែ ១៣% ។
  • កម្មវិធី Instagram បានក្លាយជាបណ្តាញសង្គមដ៏មានសារសំខាន់ និងត្រូវបានប្រើប្រាស់ច្រើនបំផុតក្នុងចំណោមយុវវ័យសហរដ្ឋអាមេរិក: តាមរយៈរបាយការណ៍ស្ថិតិដែលធ្វើឡើងពីរដងក្នុងមួយឆ្នាំរបស់ Jaffray ក្នុងចំណោមយុវវ័យ មានប្រមាណ ៣២% នៃយុវវ័យអាមេរិកបានចាត់ទុក Instagram ជាបណ្តាញសង្គមដ៏មានសារសំខាន់បំផុតរបស់ពួកគេ ខណៈដែលមានតែ ១៤% ប៉ុណ្ណោះដែលចាត់ទុកហ្វេសប៊ុកថាសំខាន់បំផុត។
  • Snapchat, Vine, និង Tumblr គឺជាបណ្តាញទំនាក់ទំនងសង្គមក្នុងចំណោមអ្នកប្រើប្រាស់វ័យជំទង់ដែលយើងបានតាមដាន: តាមរយៈ comScore បានបង្ហាញថា ៤៥% នៃអ្នកប្រើប្រាស់ Snapchat មានអាយុចន្លោះពី ១៨ ទៅ ២៤ ខណៈដែល Vine មាន ២៨% និង Tumblr មាន ២៨% ។
  • LinkedIn មានប្រជាប្រិយភាពក្នុងចំណោមអ្នកប្រើប្រាស់ដែលមានការសិក្សាខ្ពស់ និងមានចំណូលខ្ពស់: តាមរយៈរបាយការណ៍ Pew បង្ហាញថា LinkedIn ត្រូវបានប្រើប្រាស់ក្នុងចំណោម ៤៤% នៃជនជាតិអាមេរិកដែលមានប្រាក់ចំណូលចាប់ពី ៧៥,០០០(ក្នុង១ខែ) ដុល្លារឡើង។
  • កម្មវិធីផ្ញើរសារទទួលបានប្រជាប្រិយភាពខ្លាំង តែនៅមានលក្ខណៈក្មេងខ្ចី: តាមរយៈការធ្វើស្ថិតិ របស់ Edison Research និង Triton Digital បង្ហាញថា ៧%នៃប្រជាជនអាមេរិក ដែលមានអាយុ ១២ឆ្នាំ និងចាស់ជាងនេះ ប្រើប្រាស់កម្មវិធី WhatsApp ។
  • ស្ថិតិអាយុនៃបណ្តាញ ហ្វេសប៊ុក Twitter LinkedIn និង Pinterest មានលក្ខណៈច្បាស់លាស់ជាងមុន: ជាការពិតណាស់ តាមរយៈរបាយការណ៍ comScore បានបង្ហាញថា នៅសហរដ្ឋអាមេរិកប្រមាណជាពីរភាគប្រាំនៃអ្នកប្រើប្រាស់ហ្វេសប៊ុក ដែលជាមនុស្សពេញវ័យមានអាយុនៅចន្លោះពី ១៨ ទៅ ៣៤ ឆ្នាំ៕

 
ប្រភព៖ http://www.businessinsider.com.au/facebook-is-losing-its-grip-on-the-teen-demographic-as-visual-social-networks-gain-popularity-2015-6

អត្ថបទជាប់ទាក់ទង

  • ស្ថិតិប្រជាសាស្ត្រថ្មីនៃបណ្តាញទំនាក់ទំនងសង្គម៖ ហ្វេសប៊ុកប្រឈមនឹងការបាត់បង់ឥទ្ធិពលលើយុវវ័យ