វេទិកាស្តីពី​សហគ្រាសធុន​តូច​និងមធ្យម​ និងក្រុមហ៊ុន​ចាប់​ផ្តើម​ធុរកិច្ច​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ​(ICT) ​ជាលើកទី​២​

រាជធានីភ្នំពេញ៖ ថ្ងៃ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) បានរៀបចំវេទិកាស្តីពីសហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ជាលើកទី២ របស់ខ្លួន នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្រោមកិច្ចសហការរួមគ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការគាំទ្រពីសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) សហភាពអឺរ៉ុបប្រចាំកម្ពុជា និងក្រុមហ៊ុន Smart Axiata។

វេទិកានេះមានអ្នកចូលរួមប្រមាណ២០០នាក់ និងមានវាគ្មិនល្បីៗជាច្រើនរូបមកពីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន សហគ្រាសធុនតូចនិងមធ្យម ជាពិសេសវាគ្មិនពីក្រុមហ៊ុនបច្ចេកវិទ្យា អ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុ អ្នកប្រឹក្សាខាងអាជីវកម្ម ប្រតិបត្តិករទូរគមនាគមន៍ វិនិយោគិន គ្រឹះស្ថានអប់រំផ្នែកបច្ចេកទេសនិងជំនួញ អ្នកស្រាវជ្រាវ និងសហគមន៍នានាចម្រុះជាតិសាសន៍ដែលពួកគាត់នឹងចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរទស្សនៈ   និងយោបល់ដល់អ្នកចូលរួម ដើម្បីបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយស្តីពីការចាប់ផ្តើមគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចក្នុងវិស័យICT ជាពិសេសការជម្រុញដល់សហគ្រាសខ្នាតតូច និងមធ្យមប្រើប្រព័ន្ធឌីជីថលដែលត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏សំខាន់នៃការឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

វេទិកាបានពិភាក្សាយ៉ាងផុសផុលដោយផ្តោតជាសំខាន់លើ៖
-ទី១/តួនាទីនិងការសម្របសម្រួលរវាងស្ថាប័នរបស់រាជរដ្ឋាភិបាល និងការកាត់បន្ថយបទបញ្ញតិនានាក្នុងការបង្កើតនិងគាំទ្រសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី។
-ទី២/ការពិភាក្សាលើពន្ធ ការលើកទឹកចិត្ត និងគោលនយោបាយគាំទ្រសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី។
-ទី៣/ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម បច្ចេកវិទ្យាហិរញ្ញវត្ថុ ការគៀងគរមូលនិធិសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី។
-ទី៤/កម្មវិធីគាំទ្រ ដែលជាគន្លឹះសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យ ICT។

វេទិកានេះបានបញ្ចប់នាវេលាម៉ោង ១៨:០០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ដោយទទួលបានភាពជោគជ័យស្ថិតក្រោមបរិយាកាសរីករាយ និងស្និទ្ធិស្នាលយ៉ាងក្រៃលែង៕


 

អត្ថបទជាប់ទាក់ទង

  • វេទិកាស្តីពី​សហគ្រាសធុន​តូច​និងមធ្យម​ និងក្រុមហ៊ុន​ចាប់​ផ្តើម​ធុរកិច្ច​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ​(ICT) ​ជាលើកទី​២​