សិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងពីផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដល់ក្រសួង/ស្ថាប័នសំខាន់ៗនៃប្រទេស CLMV

តបតាមការអញ្ជើញរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងនប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម តុល ញ៉ក់ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងចូលរួមសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងពីផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដល់ក្រសួង/ស្ថាប័នសំខាន់ៗនៃប្រទេស CLMV (ASEAN Connectivity Workshop on Increasing Awareness of the Master Plan on ASEAN Connectivity to Relevant CLMV Agencies) ពីថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាផាលេស ខេត្តសៀមរាប។ 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងមានការចូលរួមពីប្រតិភូក្រសួង-ស្ថាប័ន គ្រឹះស្ថានបណ្តុះបណ្តាលមកពីបណ្តាប្រទេស CLMV និងលេខាធិការដ្ឋានអាស៊ាន សរុបជាង ១០០នាក់។ គោលបំណងនៃការរៀបចំអង្គសិក្ខាសាលានេះឡើង គឺដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងឲ្យកាន់តែច្បាស់ពីផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជូនក្រសួង/ស្ថាប័ន និងភ្នាក់ងារសំខាន់ៗនៃប្រទេស CLMV គ្រឹះស្ថានសិក្សា និងអ្នកពាក់ព័ន្ធនានា ព្រមទាំងចែករំលែកអំពីវឌ្ឍនភាពក្នុងការអនុវត្តខ្លឹមសារមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើមចំនួន១៥ ដែលជំរុញឱ្យសម្រេចបាននូវវិស័យយុទ្ធសាស្រ្តជាអាទិភាពទាំង៥ ជាអាទិ៍ ទី១.និរន្តរភាពហេដ្ឋារចនាសម្ព័ន្ធ (Sustainable Infrastructure) ទី២.នវានុវត្តឌីជីថល (Digital Innovation) ទី៣.លំហូរភស្តុភាកម្ម (Seamless Logistics) ទី៤.ឧត្តមភាពបញ្ញត្តិកម្ម (Regulatory Excellence) និង ទី៥.លំហូរប្រជាជន (People Mobility) សំដៅឆ្លើយតបទៅនឹងសរសរស្តម្ភទាំង៣គឺ ការតភ្ជាប់រូបវ័ន្ត ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជននិងប្រជាជន។ អង្គសិក្ខាសាលានេះក៏ជួយសម្របសម្រួលដល់ការបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកធ្វើការងារពាក់ព័ន្ធនឹងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ នៅក្នុងចំណោមស្ថាប័នរបស់បណ្តាប្រទេស CLMV និងភាគីពាក់ព័ន្ធសំខាន់ៗដទៃទៀត។
 
ក្នុងឱកាសនោះ ឯកឧត្តម តុល ញ៉ក់ ដែលជា National Focal Point for Strategic Area of Digital Innovation ក៏បានចូលរួមផ្តល់ជាបទបង្ហាញចែករំលែកចំណេះដឹង និងវឌ្ឍនភាពការងារដល់អង្គសិក្ខាសាលាទាក់ទងនឹងប្រធានបទក្នុងផ្នែក Digital Innovation ដែលជាផ្នែកមួយក្នុងចំណោមផ្នែកជាយុទ្ធសាស្ត្រទាំងប្រាំក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥៕


 

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងពីផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដល់ក្រសួង/ស្ថាប័នសំខាន់ៗនៃប្រទេស CLMV