ពិធី​ចុះហត្ថលេខា​ស្តីពី​ការចង​សម្ព័ន្ធមេត្រីភាព​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​សុ​ភក្តិ​នី​ការ​អ៊ិន​វេស​មេន​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ៤១

ក្នុង​ស្មារតី​ផ្សាភ្ជាប់​រវាង​សមរភូមិ​ក្រោយ​ជាមួយ​សមរភូមិ​មុខ នា​រសៀល​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​លេខ៤១ មាន​រៀបចំ​ពិធី​សំណេះសំណាល និង​ពី​ធី​ចុះហត្ថលេខា​ស្តីពី​ការចង​សម្ព័ន្ធមេត្រីភាព រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​សុ​ភក្តិ​នី​ការ​អ៊ិន​វេស​មេន​គ្រុប​ខូ​អិ​ល​ធី​ឌី ជាមួយ​កងពលតូច​ថ្មើរជើង​លេខ៤១ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ នាង ឃីម មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ៤១ មានប្រសាសន៍ថា ស្រប​ពេលដែល​ប្រទេសជាតិ​យើង​មាន​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កងយោធពល​ខេមរភូមិន្ទ​នៅតែមាន​តួនាទី​យ៉ាងសំខាន់ និង​ចាំបាច់​បំផុត​ក្នុងការ​ការពារ​អធិបតេយ្យភាព ឯករាជ្យភាព និង​បូរណភាព​ទឹកដី។ ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន សភាពការណ៍​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ ហាក់​មាន​សភាព​ស្ងប់ស្ងាត់ និង​ធូរស្រាល ក៏ប៉ុន្តែ​យើង​នៅតែ​មិន​ធ្វេសប្រហែស​មួយ​វិនាទី​ណា​ឡើយ ព្រមទាំង​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេ​ឡើង​រួមជាមួយ​ការត្រៀម​លក្ខណៈ​ជាស្រេច​នូវ​កម្លាំង​ទ័ព ស្បៀងអាហារ យោធបរិក្ខារ​សឹក​ដែលមាន​ក្នុង​ដៃ​ស្រាប់។
ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ណែ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការកោតសរសើរ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​កងពលតូច​ថ្មើរជើង​លេខ៤១ដែល​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ស្តីពី​ការ ការពារ​បូរណភាព​ដែនដី និង​អធិបតេយ្យភាព​ជាតិ​បាន​ឋិតថេរ​គង់វង្ស។
ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​ទៀតថា នៅក្នុង​ឱកាស​ចូលរួម​ពិធី​ចុះហត្ថលេខា​នាពេលនេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ រួមទាំង​បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​បាន​នាំមក​ជាមួយ​នូវ​សម្ភារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ ប្រគល់ជូន​កងទ័ព​យើង ដែល​ទោះបី​ជាមាន​ចំនួន​តិចតួចស្តួចស្តើង​ក្តី ប៉ុន្តែ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការផ្សាភ្ជាប់​យ៉ាង​ជិតស្និទ្ធ​រវាង​សមរភូមិ​ក្រោយ​ជាមួយ​សមរភូមិ​មុខ ព្រោះថា​ប្រសិនបើ​សមរភូមិ​មុខ​មិន​រឹងមាំ នោះ​សមរភូមិ​ក្រោយ​ក៏​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការកសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​លូតលាស់​ដូច​សព្វថ្ងៃនេះ​បានឡើយ។
ក្នុងឱកាស​នោះ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ក៏បាន​រម្លឹក​ឡើងវិញ​អំពី​ប្រវត្តិ​នៃ​ការចង​សម្ព័ន្ធមេត្រីភាព​រវាង​សមរភូមិ​ក្រោយ​និង​សមរភូមិ​មុខ​តាម​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ហើយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក៏ដូចជា​ក្រុមហ៊ុន​សុ​ភក្តិ​នី​ការ​អ៊ិន​វេស​មេន ដែល​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី និង​សម្ភារ ដល់​កងពលតូច​ថ្មើរជើង​លេខ៤។
បន្ទាប់មក ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន, អ្នកឧកញ៉ា ម៉ក់ គឹមហុង​អគ្គនាយក​ក្រុមហ៊ុន​សុភ​ក្តិ​នី​ការ​អ៊ិន​វេស​មេន និង ឧ​ត្ត​ម​សេនីយ៍​ទោ​នាង ឃីម ក៏បាន​ចុះហត្ថលេខា ស្តីពី​ការចង​សម្ព័ន្ធមេត្រីភាព​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​សុ​ក្តិ​នី​ការ​អ៊ិន​វេស​មេន ជាមួយ​កងពលតូច​ថ្មើរជើង​លេខ៤១ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានតែងតាំង​រដ្ឋមន្ត្រី​ថ្មី ជំនួស​រដ្ឋមន្ត្រី​ចាស់​ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ថ្មី​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​តាកែវ។
ឯកឧត្តម​រដ្ឋមន្ត្រី​ប្រាក់ សុខុន ក៏បាន​ប្រគល់​អំណោយ និង​ថវិកា​មួយចំនួន​ជូន​កងពលតូច​ថ្មើរជើង​លេខ៤១ រួមមាន ដែក​ចំនួន៣តោន, ស៊ីម៉ងត៍​ចំនួន២០តោន, អង្ករ​ចំនួន៧តោន, មី៥០០កេស, ស្ករស៥០០គីឡូក្រាម, អំបិល៥០០គីឡូក្រាម, ឆៃប៉ូវ​ផ្អែម៥០០គីឡូក្រាម, ត្រីខកំប៉ុង៣០កេស, ទឹកត្រី២០០យួរ, ទឹកស៊ីអ៊ីវ២០០យួរ, និង​ផ្តល់​ថវិកា​ចំនួន៣០លាន​រៀល​ជូន​កងពលតូច​ថ្មើរជើង​លេខ៤១ផងដែរ៕

អត្ថបទជាប់ទាក់ទង

  • ពិធី​ចុះហត្ថលេខា​ស្តីពី​ការចង​សម្ព័ន្ធមេត្រីភាព​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​សុ​ភក្តិ​នី​ការ​អ៊ិន​វេស​មេន​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ៤១