វគ្គ​បណ្តុះបណ្តាល​បឋម​ស្តីពី​ថវិកា​កម្មវិធី

បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល​ពីរ​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃទី០១ ដល់​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ វគ្គ​បណ្តុះបណ្តាល​បឋម​ស្តីពី​ថវិកា​កម្មវិធី និង​ការ​បញ្ជៀប​ការយល់ដឹង​អំពី​មាតិកា​ថវិកា និង​ការអនុវត្តន៍​ថវិកា របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ប្រារព្ធ​ពិធី​បិទ​នៅ​រសៀល​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ នៅ​ទីស្តីការក្រសួង។

ឯកឧត្តម លីវ គឹម​ហេង អគ្គនាយក​រដ្ឋបាល​បាន​អាន​របាយការណ៍​សង្ខេប​ដោយ​សង្កត់ធ្ងន់ថា នីតិកាល​ទី៣ និង​ទី៤នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ជា​អាទិភាព​លើ​បញ្ហា ផ្លូវ ស្ពាន ទឹក និង​ភ្លើង។ ដោយឡែក​នៅ​នីតិកាល​ទី៥នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ ជាពិសេស​កំណែ​ទម្រង់កា​រ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ស្របតាម​ស្តង់ដារ​អន្តរជាតិ និង​ការបង្កើត​គណនេយ្យភាព​អង្គភាព​ថវិកា​ឲ្យ​ស្របតាម​យុទ្ធសាស្ត្រ​ថវិកាជាតិ។
 
ឯកឧត្តម​រដ្ឋលេខាធិកា​រ សារ៉ាក់ ខាន់ ប្រធាន​ក្រុមការងារ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​វាយតម្លៃ​ខ្ពស់​នូវ​លទ្ធផល​វគ្គប​ណ្តុះ​បណ្តាល​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​មកនេះ ដោយបាន​ផ្តោតទៅលើ​ការ​ផ្សា​ភ្ចា​ប់​គោលបំណង គោលនយោបាយ​ក្រសួង​ទៅនឹង​គោលនយោបាយ​អាទិភាព​ជាតិ រចនាសម្ព័ន្ធ​ថវិកា​កម្មវិធី សូចនាករ​ថវិកា​កម្ម​វិធី ការកំណត់ថ្លៃ​ចំណាយ ការ​វិភា​ជ​ចំណាយ និង​ការធ្វើ​របាយការណ៍​តាមដាន​និង​វាយតម្លៃ​សម្រាប់​យកទៅ​អនុវត្តតាម​អង្គភាពនីមួយៗដែល​មិន​ត្រឹមតែ​សម្រាប់​ការអនុវត្តន៍​ថវិកា​កម្មវិធី​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​មាន​សារៈសំខាន់​សម្រាប់​ក្រុមការងារ​រៀបចំ​យុទ្ធសាស្ត្រ​ថវិកា​នាពេលខាងមុខ​ទៀតផង។
 
ឯកឧត្តម​មានប្រសាសន៍​ទៀតថា វគ្គ​បណ្តុះបណ្តាល​បឋម​ស្តីពី​ថវិកា​កម្មវិធី​នេះ បាន​បង្កើន​កម្រិតយល់ដឹង​អំពី​អត្ថប្រយោជន៍ចម្បងៗក្នុងការ​រៀបចំ​ថវិកា និង​អនុវត្ត​ថវិកា នោះ​គឺ​ថវិកា​ត្រូវ​ផ្សាភ្ជាប់​ជាមួយនឹង​គោលនយោបាយ​អាទិភាព​របស់​ក្រសួង ការរៀបចំ​ថវិកា ត្រូវមាន​ការគិតគូរ​ជាមុន​សម្រាប់​អនាគត ការកែលម្អ​គណនេយ្យភាព​របស់​អង្គភាព ផ្តល់ព័ត៌មាន​ប្រសើរ​ជាង​មុន​សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួង និង​អង្គនីតិបញ្ញត្តិ​ធ្វើជា​មូលដ្ឋាន​ក្នុងការ​វិភា​ជ​ធនធាន ផ្លាស់ប្តូរ​ការយកចិត្ត​ទុកដាក់​តែ​លើ​ធាតុ​ចូល ទៅជា​ការផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​លទ្ធផល​ចុងក្រោយ ជម្រុញ​ការប្រើប្រាស់​ការ​វិភា​ជ​អត្ថប្រយោជន៍​នៃ​ថ្លៃ​ចំណាយ​ក្នុងចំណោម​ជម្រើស​ជាច្រើន​ក្នុងពេល​សម្រេចបាន​គោលដៅ​លទ្ធផល​ចុងក្រោយ​របស់​កម្មវិធី​ប​ង្ខិ​ត​មុខងារ​ធ្វើ​ផែនការ និង​រៀបចំ​ថវិកា​ឲ្យ​កាន់តែ​ខិតជិត​គ្នា និង​ផ្តល់​ទិន្នន័យ​ច្បាស់លាស់ និង​មាន​តម្លាភាព​សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួង​ធ្វើការ​សម្រេចចិត្តថា តើ​ចំណាយ​សម្រាប់​កម្មវិធី​សមស្រប​ឬទេ?៕  

អត្ថបទជាប់ទាក់ទង

  • វគ្គ​បណ្តុះបណ្តាល​បឋម​ស្តីពី​ថវិកា​កម្មវិធី