ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក​ បានអនុញ្ញាតឲ្យឯកឧត្ដម Dato’ Sri Hasan Malek ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យឯកឧត្ដម Dato’ Sri Hasan Malek ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា នាពេលកន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសម៉ាឡេស៊ី ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT។ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន កម្ពុជា និងម៉ាឡេស៊ីបានចេញសេចក្ដីថ្លែងការណ៍រួមក្នុងកំឡុងពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ីកាលពីខែមិថុនា ឆ្នាំ២០១៦ កន្លងមក។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម បានបង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានស្នើដល់ភាគីប្រទេសម៉េឡេស៊ីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ជាពិសេសក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT តាមរយៈការបង្កើតនូវកម្មវិធីអភិវឌ្ឍសមត្ថភាព រួមមានដូចជា ការធ្វើទស្សនកិច្ចសិក្សា ការផ្តល់ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាល (រយៈពេលខ្លី និងវែង) ឬសិក្ខាសាលានានាដែលពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក​ បានអនុញ្ញាតឲ្យឯកឧត្ដម Dato’ Sri Hasan Malek ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារ