ឯកឧត្ដម​រដ្ឋមន្ត្រី ត្រាំ អុីវតឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​អនុក្រឹត្យ​ស្តីពី​ហត្ថលេខា​ឌីជីថល​ នៅ​ទីស្ដីការ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍

រាជធានីភ្នំពេញ៖ ព្រឹក​ថ្ងៃអង្គារ ​១៤ កើត ​ខែមាឃ​ ឆ្នាំរកា ​នព្វស័ក ​ព.ស.​២៥៦១ ​ត្រូវ​នឹង​ថ្ងៃទី​៣០ ​ខែមករា​ ឆ្នាំ២០១៨​ នៅ​ទីស្ដីការ​ក្រសួង​ ឯកឧត្តម​ ត្រាំ អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍ ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ហត្ថលេខា​ឌីជីថល ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីថ្នាក់ដឹកនាំ ​មន្ត្រី​រាជការ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍ រួម​ទាំង​តួអង្គ​ពាក់ព័ន្ធ​នានា​មាន​ជា​អាទិ៍​ ក្រសួង​ ស្ថាប័ន​រាជ​រដ្ឋាភិបាល ​ប្រតិបត្តិករ​ និង​បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ​ទូរ​គមនាគមន៍​ បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន ប្រតិបត្តិករ​​វិស័យ​​ហិរញ្ញវត្ថុ​ ​ព្រម​​ទាំង​​វិស័យ​​ឯកជន​​ពាក់​ព័ន្ធ​​ផ្សេង​​ទៀត​​។

ឯកឧត្តម​ ត្រាំ អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀប​ចំ​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ហត្ថលេខា​ឌីជីថល​ ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​ កាល​ពី​ថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៧ ​និង​បក​ស្រាយ​ពន្យល់​អំពី​សារ​សំខាន់​នៃ​ហត្ថលេខា​ឌីជីថល​សម្រាប់​ប្រតិបត្តិការ​អនឡាញ។​ ហត្ថលេខា​ឌីជីថល​ (Digital​ Signature) ​ប្រៀប​បាន​ទៅ​នឹង​អត្តសញ្ញាណ​របស់​អ្នក​ប្រើ​ប្រាស់​ប្រតិបត្តិការ​អនឡាញ ​ឬ​អ៊ីន​ធឺណិត​។​ ហត្ថលេខា​ឌីជីថល​គឺ​ជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សន្តិសុខ​ និង​សុវត្ថិភាព​តាម​រយៈ​យន្តការ​ការ​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​ (Authentication)​ សុច្ចរិតភាព​ (Integrity)​ រក្សា​ការ​សម្ងាត់ ​(Confidentiality)​ និង​ការ​មិន​អាច​បដិសេធ​បាន​ (Non-repudiation)។​

តាម​រយៈ​នយោបាយ​កំណែ​ទម្រង់​សេវាសាធារណៈ ​រាជ​រដ្ឋា​ភិបាល​បាន​កំពុង​តែ​ធ្វើ​ទំនើប​កម្ម​សេវា​ សាធារណៈ​ ដោយ​ការ​បង្វែរ​នូវ សេវា​ជួរ​មុខ​នានា​ទៅ​ជា​សេវា​អនឡាញ ​ដែល​ក្នុង​នោះ​មាន​ដូចជា​ ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​របស់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​ ប្រព័ន្ធ ​e-Visa​ របស់​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​និង​វិញ្ជាបនប័ត្រ​ប្រភព​ទំនិញ ​(CO) ​របស់​ក្រសួង​ពាណិជ្ជកម្ម​ ប្រព័ន្ធ​អាស៊ី​គូដារ​ (ASYCUDA) ​របស់​អគ្គនាយកដ្ឋាន​គយ​និងរដ្ឋាករ​ ប្រព័ន្ធ​ចុះបញ្ជីពន្ធដារ​ និង​ប្រកាស​បង់​ប្រាក់​ពន្ធ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​។ល។ ​វិស័យ​ឯកជន​ក៏​បាន​ប្រឹង​ប្រែង​ពង្រឹង​សេវា​របស់ខ្លួន​ឲ្យ​កាន់​តែ​សំបូរ​បែប​ ទំនើប​ និង​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ទៅ​តាម​តម្រូវ​ការ​អតិថិន​ផង​ដែរ​។​ ដូចជា​នា​ពេល​បច្ចុប្បន្ន​ គ្រឹះ​ស្ថាន​ធនាគារ​-ហិរញ្ញវត្ថុ​បាន​បំពាក់​បច្ចេក​វិទ្យា​“ធនាគារ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ (e-banking)​”​ និង​ “ធនាគារ​ចល័ត​ (Mobile​ Banking)”​ ពាណិជ្ជករ​កាន់​តែ​ច្រើន​ឡើងៗ​ចាប់​ផ្តើម​បង្វែរ​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​តាម​បែប​ប្រពៃណី​ទៅ​ជា​ការ​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ​(ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​ ឬ​E-Commerce)​ ហើយ​បច្ចេក​វិទ្យា​បង់ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏​នឹង​កំពុង​ត្រូវ​បាន​អភិវឌ្ឍន៍​ផង​ដែរ​ពី​សំណាក់​ក្រុម​ហ៊ុន​នានា។​

ដោយព្រះរាជាណាចក្រកម្ពុជាកំពុងតែឆ្ពោះទៅកាន់ការផ្តល់សេវាសាធារណៈ ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ​កាន់​តែ​ច្រើន​ឡើងៗ​ ហើយ​ក្នុង​នោះ​ក្រុម​ហ៊ុន ​សហគ្រាស ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​នឹង​ក្លាយ​ជា​គោលដៅ ​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​ឧក្រិដ្ឋកម្ម​នានា​ ជាអាទិ៍​ ការ​លួច​យក​ព័ត៌មាន​សម្ងាត់​ពាណិជ្ជកម្ម​ ការលួច​ចម្លង​កម្មសិទ្ធ​បញ្ញា ​ការ​បន្លំ​អត្តសញ្ញាណ​និង​បន្លំ​ឯកសារ​ ការ​បោក​បញ្ឆោត​ក្នុង​ការ​ផ្ទេរ​ប្រាក់​ជាដើម​។​ ការការពារ​សុវត្ថិភាព​ សន្តិសុខ ​សុច្ចរិតភាព​ និង​ការ​កំណត់​អត្តសញ្ញាណ​នៃ​អ្នក​ប្រើ​ប្រាស់​ប្រតិបត្តិការ​អន​ឡាញ​មាន​សារ​សំខាន់​បំផុត​ក្នុង​ការ​ធានា​ស្ថេរភាព​នៃ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​។ ក្នុង​ន័យ​នេះ ​​អនុក្រឹត្យ​ស្តីពី​ហត្ថលេខា​ឌីជីថល​នឹង​ក្លាយ​ជា​លិខិត​តូបករណ៍​ដំបូង​មួយ​ក្នុង​ការ​ចូល​រួម​ចំណែក​ការពារ​សន្តិសុខ​ សុវត្ថិភាព​ និង​ភាព​ទុក​ចិត្ត​បាន​នៃ​ប្រតិបត្តិការ​អនឡាញ​ទាំង​ក្នុង​វិស័យ​សាធារណៈ ​វិស័យឯកជន​ និង​អ្នក​ប្រើប្រាស់​។​ ហើយ​វា​ក៏​ជា​ជំហាន​ដំបូង​នៃ​ក្រប​ខណ្ឌ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ក្នុង​ការ​កសាង​មជ្ឈដ្ឋាន​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ប្រកប​ដោយ​ទំនុក​ចិត្ត​ និង​សន្តិសុខ​ សម្រាប់​កិច្ចការ​ធុរកិច្ច ​ការ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​ និង​ការ​ទំនាក់ទំនង​៕​

សូមទាញយកឯកសារដែលពាក់ព័ន្ធ
– អនុក្រឹត្យស្តីពីហត្ថលេខាឌីជីថល ទាញយក / Download File
– ស្វែងយល់អំពីហត្ថលេខាឌីជីថល ទាញយក / Download File


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្ដម​រដ្ឋមន្ត្រី ត្រាំ អុីវតឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​អនុក្រឹត្យ​ស្តីពី​ហត្ថលេខា​ឌីជីថល​ នៅ​ទីស្ដីការ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍