ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកំពង់ធំ​និង​សៀមរាប

ថ្មីៗនេះ ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​មន្ត្រី​អ្នកមុខអ្នកការ ក្រោម​ឱវាទ​ក្រសួង​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ និង​និ​យោ​ជិ​ក​នៃ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប។
 
លោក សាល់ ស៊ីថា​រិ​ទ្ធិ ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តកំពង់ធំ និង​លោក​ហុង ប៊ុន​ធ្វី ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប បាន​ជម្រាបជូន​ថ្នាក់ដឹកនាំ​ក្រសួង​អំពី​សមិទ្ធផល​ការងារ​នៃ​វិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​មន្ទីរ​សម្រេចបាន​នា​ឆ្នាំកន្លងមករៀងៗខ្លួន។ ក្នុងនោះ លោក​ហុង ប៊ុន​ធ្វី បាន​គូសបញ្ជាក់ថា លើ​វិស័យ​ប្រៃសណីយ៍ មាន​ក្រុមហ៊ុន​ចំនួន៨ដែល​កំពុង​រកស៊ី​បញ្ញើ​ចេញ ចូលក្នុង​និង​ក្រៅប្រទេស មាន​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន៥រកស៊ី​នាំ​បញ្ញើ​ក្នុងស្រុក។ លើ​វិស័យ​ទូរគមនាគមន៍​វិញ យើង​បាន​គ្រប់គ្រង​រលកអាកាស​វិទ្យុ រៀបចំ​ស្ថាបនា​បណ្តាញទូរស័ព្ទ និង​គ្រប់គ្រង​សេវា​អ៊ិន​ថឹ​ណិ​ត​តាមរយៈ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត និង​អចល័ត​ចំនួន១។
ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប ក្នុងការ​ជម្រុញ​កិច្ចអភិវឌ្ឍន៍​លើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ក្នុង​ខេត្ត​របស់ខ្លួន​ដោយ​ធានាបាន​នូវ​គុណភាព​សេវា រហ័ស​ទាន់​ចិត្ត មិន​ឲ្យ​មានការ​បាត់បង់​បញ្ញើ​គ្រប់​ប្រភេទ ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​កាន់​តែមាន​ទំនុកចិត្ត​ក្នុងការ​ប្រើប្រាស់​វិស័យ​របស់​យើង​សម្រាប់​ជា​ផលប្រយោជន៍​ក្នុងការ​ធ្វើ​អាជីវកម្ម ទំនាក់ទំនង និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង។
ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត​ក្នុងការ​កែលម្អ​គុណភាព​សេវា ទាំងនេះ​ឲ្យ​បានល្អ​ប្រសើរ និង​ត្រូវ​បង្កើន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ត្រួតពិនិត្យ​ការប្រើប្រាស់​រលកអាកាស​វិទ្យុ និង​សេវាកម្ម​អាជីវកម្ម​លើ​វិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​គ្មាន​ច្បាប់​អនុញ្ញាត សម្តៅ​បង្កើន​ការរកចំណូល​ទៅតាម​ផែនការ​របស់​ក្រសួង ក៏ដូចជា​ការទប់ស្កាត់​នូវ​បទល្មើសផ្សេងៗតាមរយៈ​ការប្រើប្រាស់​វិស័យ​ទាំងពីរ​នេះ​ផងដែរ។
បន្ទាប់ពី​បាន​ចែក​វត្ថុ​អនុស្សាវរីយ៍​ជូន​មន្ត្រីរាជការ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប រួចមក ឯកឧត្តម​ប្រាក់ សុខុន និង​អ្នក​ចូលរួមបាន​អញ្ជើញ​ពិនិត្យ​កិច្ចដំណើរការ​ធ្វើ​អាជីវកម្ម សេវា​កម្មវិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ក្នុង​ខេត្ត​ទាំងពីរ​នេះ​ផងដែរ៕

អត្ថបទជាប់ទាក់ទង

  • ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកំពង់ធំ​និង​សៀមរាប