​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្តីពី​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​០​៦​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្តីពី​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​បណ្តា​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​ដែល​ពាក់ព័ន្ធ​ផង​ដែរ​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​ការ​ជំរុញ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថល​ ​គឺជា​ការប្រើប្រាស់​មធ្យោបាយ​អេឡិ​ក​ត្រូនិ​ក​ ​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ការងារ​ ​និង​មូលដ្ឋាន​នៃ​ការ​ផ្តល់​សេវា​អោយ​មាន​តម្លា​ភាព​ ​មាន​ភាព​ងាយស្រួល​ ​លឿន​ ​និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​និង​អាជីវកម្ម​កាន់តែ​ប្រសើរ​ ​ព្រមទាំង​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​រាជរដ្ឋាភិបាល​ ​តាមរយៈ​ការ​បង្កើត​និង​ប្រើប្រាស់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​រួម​ ​វេទិកា​ឌី​ជី​ថល​រួម​ ​សេវាកម្ម​ឌី​ជី​ថល​រួម​ ​ដោយ​ឈ​រលើ​យន្ត​ការ​ “​បង្កើត​ម្តង​ប្រើ​បាន​គ្រប់កន្លែង​” ​និង​កម្មវិធី​ពង្រឹង​សមត្ថភាព​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​បច្ចុប្បន្ន​ ​បើ​ទោះបីជា​រាជរដ្ឋាភិបាល​ ​មិនទាន់​មាន​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​តម្រង់​ផ្លូវ​សម្រាប់​អនុវត្តន៍​ក៏ដោយ​ ​តែ​បច្ចុប្បន្ន​ ​នៅ​តាម​បណ្តា​ក្រសួង​ ​ស្ថាប័នរដ្ឋ​ ​និង​អង្គភាព​សាធារណៈ​មួយ​ចំនួន​ ​បាន​នឹង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​ ​សម្រាប់​គ្រប់គ្រង​ការងារ​តាម​បែប​ឌី​ជី​ថល​ ​និង​ផ្តល់​សេវា​រដ្ឋបាល​របស់​ខ្លួន​ពី​ចំងាយ​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ ​និង​មាន​ភាព​ងាយស្រួល​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថល​ជា​ការងារ​មួយ​ដ៏​ធំ​ដែល​ត្រូវ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​គ្រប់ជាន់ថ្នាក់​តាមរយៈ​ការ​ធ្វើ​គោល​នយោបាយ​ ​យុទ្ធសាស្ត្រ​ ​ការ​កសាង​ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ ​ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង​ ​ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​ ​ការ​ធ្វើ​ផែនការ​តាម​ដំណាក់កាល​ ​ការ​អនុវត្ត​ប្រព័ន្ធ​ការងារ​កុំព្យូទ័រ​ ​និង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាជន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ធ្វើ​បទ​បង្ហាញ​ជូន​ដល់​អង្គប្រជុំ​ ​ដើម្បី​បាន​យល់​ដឹង​កាន់តែ​ច្បាស់លាស់​ថែមទៀត​ ​អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បទពិសោធន៍​ដែល​ប្រទេស​មួយ​ចំនួន​ ​ដែល​ឈាន​មុខ​គេ​លើ​វិ​ស័យ​នេះ​ ​ដូចជា​សាធារណរដ្ឋ​កូរ៉េ​ សឹង្ហ​បុរី​ ​និង​អេស្តូ​នី​ជាដើម​ ​បាន​ធ្វើ​ក្នុង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​ផង​ដែរ​៕

 

អត្ថបទជាប់ទាក់ទង

  • Ministry of Post and Telecommunications

    ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្តីពី​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​