ឯកឧត្ដម ត្រាំ អុីវ​តឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​អគារ​​រដ្ឋ​បាល​ថ្មី​មន្ទីរ​ប្រៃសណីយ៍​ និង​​ទូរ​គមនាគមន៍​ ខេត្ត​ប៉ៃលិន​

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិន ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​ណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ លោកស្រី​ កើត​ ស៊ី​ធាម​ ជា​ប្រធាន​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​ខេត្ត​ប៉ៃលិន​ ជំនួស​លោក​ ហ៊ុយ ​សារិន​ ដែល​ត្រូវ​ចូល​និវត្តន៍​ និង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​អគារ​រដ្ឋបាល​ថ្មី​មន្ទីរ​ប្រៃ​សណីយ៍​​ និង​ទូរ​គមនាគមន៍​ ខេត្ត​ប៉ៃលិន​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯកឧត្ដម​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម​អភិបាល​ខេត្ត​ ព្រម​ទាំង​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ជា​ភ្ញៀវ​កិត្តិយស​ មន្ត្រី​រាជ​ការ​មក​ពី​មន្ទីរ​ស្ថាប័ន​ជុំ​វិញ​ខេត្ត​ សរុប​ចំនួន ​២៦០​នាក់​។

នៅក្នុងឱកាសនេះដែរ លោកស្រី កើត ស៊ីធាម ដែលទើបទទួលបានការ​តែង​តាំង​ថ្មី​ បាន​ថ្លែង​អំណរ​គុណ ​និង​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ​ និង​បន្ត​ជំរុញ​ការ​អនុវត្ត​ការ​ងារ​ឲ្យ​រឹត​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ដើម្បី​ជា​ប្រយោជន៍​បម្រើ ​ និង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​មូល​។

លោកស្រី កើត ស៊ីធាម ជា​ប្រធាន​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍ (ទើបទទួលបានការ​តែង​តាំង​ថ្មី​)

ថ្លែងទៅកាន់អង្គពិធីនាឳកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក  បានមានប្រសាសន៍​កោត​សរសើរ​ចំពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​ អំណត់​ព្យាយាម​របស់​លោក​ ហ៊ុយ​ សារិន​ ក្នុង​ការ​ដឹក​នាំ​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​ជា​បន្ត​បន្ទាប់​រហូត​មក​ក្នុង​ការ​កសាង​ និង​ជំរុញ​ការ​អភិវឌ្ឍន៍​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ខេត្ត​ប៉ៃលិន​ ដោយ​បាន​ធ្វើ​ឲ្យ​វិស័យ​ទាំង​បី​មាន​ការ​រីក​ចំរើន​គួរ​ឲ្យ​កត់​សម្គាល់​។​

ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើរដល់លោកស្រីប្រធាន​មន្ទីរ​ដែល​ទើប​បាន​តែង​តាំង​ និង​ប្រគល់​ភារ​កិច្ច​ថ្មី​ថា​ "ត្រូវ​បន្ត​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​ដក​ស្រង់​បទ​ពិសោធន៍​ល្អ​ៗ ​បូក​ផ្សំ​ជាមួយ​បទ​ពិសោធន៍​ដែល​ធ្លាប់​អនុវត្ត​ក្នុង​រយៈពេល​កន្លង​មក​ រួម​ទាំង​ចំណេះ​ដឹង​ ជំនាញ​បច្ចេកទេស​ថ្មីៗ​ ដើម្បី​បន្ត​ និង​ជំរុញ​ការ​អនុវត្ត​ការ​ងារ​ឲ្យ​រឹត​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ជា​ប្រយោជន៍​បម្រើ និង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពល​រដ្ឋ​ប្រកប​ដោយ​តម្លាភាព​ ប្រសិទ្ធ​ភាព​ គណ​នេយ្យ​ភាព​ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​"។​ ឯកឧត្ដម​រដ្ឋ​មន្ត្រី​ក៏​បាន​ផ្តល់​នូវ​អនុសាសន៍ ​និង​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ កាន់​តែ​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ថែម​ទៀត។​

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​ណីយ៍​ និង​ទូរ​គមនាគមន៍​

ឯកឧត្ដម​រដ្ឋ​មន្ត្រី​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ "អគារ​រដ្ឋ​បាល​ដែល​ត្រូវ​សម្ពោធ​ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​​​ជា​ផ្លូវ​ការ​នា​ពេល​នេះ​​ក៏ជា​​សមិទ្ធផល​ថ្មី​មួយ​​​បន្ថែម​លើ​សមិទ្ធផល​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​​រដ្ឋបាល​ជា​ច្រើន​ទៀត​​​​​ដែល​ក្រសួង​​​សម្រេច​បាន​​រួច​​ហើយ​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដើម្បី​រួម​ចំណែក​​​អនុវត្តន៍​គោល​នយោបាយ​នៃ​យុទ្ធ​​សាស្រ្ត​ចតុកោណ​​​ដំណាក់​កាល​ទី៣​ ​របស់​រាជ​រដ្ឋា​ភិបាល​ នីតិកាល​ទី៥​ នៃ​រដ្ឋ​សភា​ ក្រោម​​ការ​ដឹក​នាំ​ប្រកប​ដោយ​​គតិ​​បណ្ឌិត​​របស់​ សម្តេច​តេជោ​​នាយក​រដ្ឋ​មន្រ្តី"។​ ឯកឧត្ដម​បានបន្ត​ទៀត​ថា​ "អគារ​រដ្ឋបាល​ថ្មី​នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​​​របស់​ក្រសួង​​ដើម្បី​ឲ្យ​មន្រ្តី​​រាជ​ការ​​​របស់​មន្ទីរ​​មាន​​កន្លែង​ធ្វើការ​សមរម្យ​​​បំពេញ​ការងារ​ប្រកប​ដោយ​ផា​សុខភាព​ និង​ប្រសិទ្ធ​ភាព​ខ្ពស់​។ ​​ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​​ អស់​លោក​-លោក​ស្រី​ នឹង​បន្ត​ភាព​សកម្ម​ជំរុញ​​ធ្វើ​​ឲ្យ​វិស័យ​ទាំង​បី​របស់​ក្រសួង​មាន​ការ​រីក​ចំរើន​​ប្រែ​ប្រួល​ថែម​ទៀត​ និង​ខិត​ខំ​​ថែ​រក្សា​​ប្រើ​ប្រាស់​សមិទ្ធិផល​​ថ្មី​​ដែល​សម្ពោធ​នា​ពេល​នេះ​ឲ្យ​បាន​គង់​វង់​​យូរ​អង្វែង​​សម្រាប់​ជា​គុណ​ប្រយោជន៍​​​ជាតិ​ ​និង​មាតុ​ភូមិ​​របស់​យើង​"។

គួរបញ្ជាក់ផងដែរថា៖ អគាររដ្ឋបាលថ្មីនេះ បានចាប់ដំណើរការសាងសង់នៅថ្ងៃទី២០ ខែ​តុលា​ ឆ្នាំ​២០១៦​ និង​បញ្ចប់​ការ​សាង​សង់​នៅ​ថ្ងៃ​ទី​២០ ​ខែ​ឧសភា​ ឆ្នាំ​២០១៧​ ដោយ​ក្រុម​ហ៊ុន​ស៊ីវិល​ ខន​ស្ត្រាក់​សិន​ ត្រាស​ ដែល​សាង​សង់​ពី​បេតុង​ មាន​កំពស់​ ០២​ជាន់​ តំបូល​​ប្រក​ក្បឿង​ មាន​បណ្ដោយ​ ២៣​ម៉ែត្រ​ ទទឹង​ ១២ម៉ែត្រ​ ចែក​ជា ​០៩​បន្ទប់៕​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្ដម ត្រាំ អុីវ​តឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​អគារ​​រដ្ឋ​បាល​ថ្មី​មន្ទីរ​ប្រៃសណីយ៍​ និង​​ទូរ​គមនាគមន៍​ ខេត្ត​ប៉ៃលិន​