កិច្ចពិភាក្សាលើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និង ICT ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥

នៅព្រឹកថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០១៥​ ឯកឧត្តម ប្រាក់  សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និង ICT ឆ្នាំ២០១៥-២០២០។
 
​​​​​​​​​​ក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ក្នុងគោលបំណងសម្រេចនូវទស្សនៈវិស័យវែងឆ្ងាយ គឺការប្រែក្លាយកម្ពុជាអោយទៅជាសង្គមពឹងផ្អែកលើសេដ្ឋកិច្ចពុទ្ធិ និងជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០​ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនិតិកាលទី៥នេះ យល់ឃើញថា  វិស័យទូរគមនាគមន៍​ និង ICT គឺជាឧបករណ៍មានប្រសិទ្ធភាពសម្រាប់ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គម។
 
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗក្នុងវិស័យនេះ បានផ្តល់លទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងរបស់មនុស្សនៅគ្រប់ទីកន្លែង  និងគ្រប់ពេលវេលា។ ជាមួយគ្នានេះបច្ចេកវិទ្យាក៏អាចជួយកាត់បន្ថយគំលាត  និងបង្ខិតរដ្ឋាភិបាលឲ្យកាន់តែជិតជាមួយនិងប្រជាពលរដ្ឋ  តាមរយៈការផ្តល់និងទទួលព័ត៌មានឆាប់រហ័ស។ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍  និងព័ត៌មាននៅក្នុងប្រទេសកម្ពុជាកន្លងមក បានផ្តល់ចំណូលកើនឡើងជាលំដាប់ពី០,៤ភាគរយនៃផលិតផលសរុបក្នុងស្រុកឆ្នាំ២០០៥ ដល់៥,៥ភាគរយនៃផលិតផលសរុបក្នុងស្រុកឆ្នាំ២០១៥។
 
ឯកឧត្តម សារ៉ាក់ ខាន់​ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  មានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ត្រូវបានគេប្រើប្រាស់សម្រាប់ជួយសំរួលដល់ការងារគ្រប់គ្រង ការវិភាគ និងការផ្តល់សេវាផ្សេងៗនៅក្នុងស្ថាប័នសាធារណៈ  និងឯកជន ដើម្បីកាត់បន្ថយចំណាយ សន្សំសំចៃពេលវេលា ព្រមទាំងបង្កើនប្រសិទ្ធភាព ផលិតភាព ​​​និងតម្លាភាព។ វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មានជាឧបករណ៍ដែលអាចបង្កើត និងផ្តល់ឱកាសរីកដុះដាលនៃវិស័យធុរកិច្ច។ បច្ចេកវិទ្យានេះបានបើកចំហទីផ្សារយ៉ាងធំទូលាយ  តាមរយៈប្រតិបត្តិការលើប្រព័ន្ធអ៊ីនធឺណិត និងបានបង្កើតទំនាក់ទំនងយ៉ាងងាយស្រួលរវាងអ្នកលក់ និងអ្នកទិញ  ទាំងក្នុង​ និងក្រៅប្រទេស។

​អង្គប្រជុំក៏បានពិភាក្សាយ៉ាងផុសផុលលើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និង ICT ឆ្នាំ២០១៥-២០២០​​ សំដៅធ្វើឲ្យការអភិវឌ្ឍវិស័យនេះឲ្យ ដំណើរការប្រកបដោយការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ដើម្បីទាញយកផលប្រយោជន៍ឲ្យបានខ្ពស់បំផុត  ធានានិរន្តរភាព ចិរភាព សន្តិសុខ ឯករាជ្យភាព និងភាពជាម្ចាស់កម្មសិទ្ធ ដែលអាចពឹងផ្អែកលើខ្លួលឯងបាន  ហើយចៀសវាងដាច់ខាតការចំណាយខ្ជះខ្ជាយទៅលើឧបករណ៍បរិក្ខារ  និងសេវាបច្ចេកវិទ្យាគមនាគមន៍  និងព័ត៌មាន។ ជាទីបញ្ចប់អង្គប្រជុំបានសម្រេចពិនិត្យ និងកែសម្រួលឡើងវិញនូវខ្លឹមសារនៃសេចក្តីព្រាងចុងក្រោយនេះ មុននឹងដំណើរការទៅតាមនីតិវិធីបន្តទៀត៕

អត្ថបទជាប់ទាក់ទង

  • កិច្ចពិភាក្សាលើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និង ICT ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥