ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិភាក្សាឯកសារទស្សនទានស្តីពីការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឯកសារទស្សនទានស្តីពី ការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង។

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រដ្ឋាភិបាលឌីជីថលគឺជាដំណើរការនៃការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់ គ្រងរដ្ឋាភិបាល និងសេវាសាធារណៈតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សំដៅជួយសម្រួលដល់ការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋ ការសម្រេចចិត្ត និងការផ្តល់សេវាជូនប្រជាពលរដ្ឋ វិស័យឯកជន និង ស្ថាប័នពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន ។ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល គឺជាកិច្ចការអាទិភាពមួយដ៏ចាំបាច់សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ដើម្បីត្រៀមខ្លួនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល បដិវត្តឧស្សាហកម្មទី៤ ក៏ដូចជាសាកលភាវូបនីយកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនទាននេះ និងបានបញ្ជាក់បន្ថែម ថារដ្ឋាភិបាលឌីជីថលគឺជាផ្នែកដ៏សំខាន់មួយរបស់សេដ្ឋកិច្ចឌីជីថល ហើយការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ត្រូវដើរទន្ទឹមគ្នានឹងការរៀបចំនូវប្រព័ន្ធអភិបាលកិច្ចឯកភាពរួមមួយដែលគ្រប់ក្រសួង-ស្ថាប័ន បំពេញមុខងាររៀងៗខ្លួនជាទម្រង់ឌីជីថល។ ឯកឧត្តមក៏បានផ្តល់ធាតុចូលបន្ថែមជាច្រើនទៀត ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នារវាងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេចក្តីព្រាងគោលនយោបាយសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ត្រីក្រោមឱវាទ និងក្រុមការងារអន្តរក្រសួង ពន្លឿនការងារបញ្ជប់សេចក្តីព្រាងឯកសារទស្សនទាននេះ នាពេលឆាប់ៗខាងមុខ។

-អត្ថបទដោយ ម៉ុក រ៉ាឌី
-រូបថតដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិភាក្សាឯកសារទស្សនទានស្តីពីការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា