ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Ministry of Post and Telecommunications

កិច្ចប្រជុំក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិស័យប្រៃសណីយ៍

អត្ថបទដោយ៖ Semtararath

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ហ៊ួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិស័យប្រៃសណីយ៏ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃក្រុមការងារ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិស័យប្រៃសណីយ៍​ អង្គប្រជុំបានឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
១.រៀបចំផែនការសកម្មភាព និងរបៀបរបបការងារ ។
២.អង្គប្រជុំបានឯកភាព ពិនិត្យកែសម្រួលលើ សេចក្តីព្រាងច្បាប់ស្តីពីវិស័យប្រៃសណីយ៍ ថ្មី ដើម្បីជំនួស ច្បាប់ស្តីពីវិស័យប្រៃសណីយ៍ ឆ្នាំ២០០២ ស្របតាមបច្ចុប្បន្នភាពនៃការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីក្នុងវិស័យប្រៃសណីយ៍ ដែលឯកឧត្តមប្រធានក្រុមការងារ បានរៀបចំជាសេចក្តីព្រាង និងដាក់ជូនក្រុមការងារសម្រាប់ពិភាក្សា ។
៣.ក្រុមការងារធ្វើការសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធនានា ពីបណ្តាប្រទេសក្នុងតំបន់ សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (Asian-Pacific Postal Union – APPU) និង សហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) សម្រាប់ជាធាតុចូលក្នុងការកសាងច្បាប់ស្តីពីវិស័យប្រៃសណីយ៍។ ជាមួយគ្នានេះអង្គប្រជុំបានស្តាប់សមាជិកដែលមានវត្តមានទាំងអស់ក្នុងការចែករំលែកនូវបទពិសោធន៍លើការអនុវត្តការងារកន្លងមក ព្រមទាំងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅលើចំណុចដែលបានលើកឡើង ដើម្បីជាមូលដ្ឋានក្នុងការរៀបចំនូវច្បាប់ស្តីពីវិស័យប្រៃសណីយ៍ថ្មីនេះ៕

រូបថតដោយ ពត សែមតារារដ្ឋ
អត្ថបទដោយ ទុយ ភារិន
បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

ព័ត៌មានជាប់ទាក់ទង