ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Ministry of Post and Telecommunications

លោកជំទាវអនុរដ្ឋលេខាធិការ ទេព រ៉ូដា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំលិខិតបទដ្ឋានគ្រប់គ្រងគុណភាពសេវាប្រៃសណីយ៍

អត្ថបទដោយ៖ Semtararath

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំលិខិតបទដ្ឋានគ្រប់គ្រងគុណភាពសេវាប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃក្រុមការងារ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សារៀបចំប្រកាសស្តីពីការគ្រប់គ្រងគុណភាពសេវាប្រៃសណីយ៍ ដែលជាការងារសំខាន់និងចាំបាច់ តម្រូវឱ្យមាននិយាមច្បាស់លាស់សម្រាប់វាស់វែងគុណភាពនៃការផ្តល់សេវា និងបង្កើនភាពជឿជាក់ដល់អ្នកប្រើប្រាស់សេវាប្រៃសណីយ៍។ អង្គប្រជុំបានឯកភាពលើពីរចំណុចសំខាន់ដូចខាងក្រោម៖

១.ផែនការសកម្មភាព និងរបៀបរបបធ្វើការងារ។

២.យល់ព្រមទទួលយកសេចក្តីព្រាងបឋមដែលលោកជំទាវប្រធានក្រុមការងារ និង លោកជំទាវ ម៉ី ភឿង បានតាក់តែងរួចសម្រាប់ពិនិត្យពិភាក្សាកែសម្រួលក្នុងកិច្ចប្រជុំបន្តទៀត។

ជាមួយគ្នានេះអង្គប្រជុំបានស្តាប់សមាជិកដែលមានវត្តមានទាំងអស់ក្នុងការចែករំលែកនូវបទពិសោធន៍លើការអនុវត្តការងារគ្រប់គ្រងកន្លងមក ព្រមទាំងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅលើចំណុចដែលបានលើកឡើង ដើម្បីជាមូលដ្ឋានក្នុងការរៀបចំប្រកាសនេះ៕

-រូបថតនិងអត្ថបទដោយ ពត សែមតារារដ្ឋ

-បកប្រែទៅភាសាអង់គ្លេសដោយ ថន សុធារិន

ព័ត៌មានជាប់ទាក់ទង