ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Ministry of Post and Telecommunications

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ២៤ខេត្តទូទាំងប្រទេសបានបញ្ចប់ដោយជោគជ័យ

អត្ថបទដោយ៖ Semtararath

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពរបស់មន្ត្រីនៅថ្នាក់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ២៤ខេត្តទូទាំងប្រទេស ដោយផ្តោតសំខាន់លើការផ្តល់ចំណេះដឹងនៃការអនុវត្តការងារជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។ សូមជម្រាបជូនថា ចាប់តាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ សិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរ ប.ទ.ខេត្ត ដឹកនាំដោយ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ ជាតំណាងឯកឧត្តមរដ្ឋមន្ត្រីនៅតាមតំបន់ចំនួន ០៤ ដូចតទៅ៖

១-ទីតាំងខេត្តបាត់ដំបង(តំបន់២)មានមន្ទីរ ប.ទ.ខេត្ត: កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ មានសិក្ខាកាម ៥៣នាក់។

២-ទីតាំងខេត្តកែប(តំបន់១)មានមន្ទីរ ប.ទ.ខេត្ត: តាកែវ កំពត កែប កំពង់ស្ពឺ កោះកុង ព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មានសិក្ខាកាម ៥៣នាក់។

៣-ទីតាំងខេត្តសៀមរាប(តំបន់៣)មានមន្ទីរ ប.ទ.ខេត្ត: សៀមរាប ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី ក្រចេះ ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ មានសិក្ខាកាម ៥៧នាក់។

៤-ទីតាំងខេត្តកំពង់ចាម(តំបន់៤)មានមន្ទីរ ប.ទ.ខេត្ត: ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កណ្តាល ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានសិក្ខាកាម ៥៦នាក់។

អង្គសិក្ខាសាលាតាមតំបន់នីមួយៗបន្ថែមលើបទបង្ហាញដោយគ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់ សិក្ខាកាមបានលើកជាសំណួរចូលរួមការពិភាក្សាចែករំលែកបទពិសោធន៍រវាងមន្ត្រីនិងមន្ត្រី មន្ទីរនិងមន្ទីរ ធ្វើលំហាត់ក្រោមការត្រួតពិនិត្យលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំទទួលបន្ទុកតំបន់នីមួយៗ និងក្រុមការងារ។ ប្រធានបទសំខាន់ៗរួមមានឱកាស និងបញ្ហាប្រឈមក្នុងវិស័យប្រៃសណីយ៍ ការគ្រប់គ្រងអាជីកម្មប្រៃសណីយ៍ វិស័យទូរគមនាគមន៍ ការគ្រប់គ្រងធនធានវិសាលគមហ្វ្រេកង់ស៍វិទ្យុ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បច្ចេកវិទ្យាថ្មីៗ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធតាមជំនាញនីមួយៗ ការងារគ្រប់គ្រងធនធានមនុស្ស សវនកម្ម និងអធិការកិច្ចជាដើម។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីរាជការថ្នាក់ជាតិ និងតាមបណ្តាមន្ទីរ ប.ទ.ខេត្តទាំង២៤ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឱ្យកាន់តែជឿនលឿនស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

-រូបថតដោយ ពត សែមតារារដ្ឋ

-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

ព័ត៌មានជាប់ទាក់ទង