តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Metfone Cambodia ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង ប.ទ. អញ្ជើញចូលរួមទស្សនកិច្ចសិក្សា “ស្តីពីការលើកកំពស់សេវាកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិត" នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទស្សនកិច្ចសិក្សានេះ មានគោលបំណងធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងស្វែងយល់អំពីការវិវឌ្ឍន៍នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលឧស្សាហកម្មទូរគមនាគមន៍កំពុងប្រើប្រាស់ និងវិវត្តន៍ខ្លួនឱ្យស្របទៅតាមយុគ្គសម័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ ក្រុមហ៊ុន Viettel Group បានអញ្ជើញប្រតិភូក្រសួងប.ទ. ធ្វើទស្សនកិច្ចសិក្សាទៅកាន់មជ្ឈមណ្ឌលប្រតិបត្តិការបណ្តាញសកលក្រុមហ៊ុន Viettel (Viettel Global Network Operation Center) មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ក្រុមហ៊ុន Viettel (Viettel Security Operation Center) និងមជ្ឈមណ្ឌលប្រតិបត្តិការវៃឆ្លាតរបស់ក្រុមហ៊ុន Viettel (Viettel Intelligent Operation Center) និងបានចែករំលែកបទពិសោធន៍អំពីគម្រោងស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យាផ្ទាល់របស់ក្រុមហ៊ុន ដូចជាបច្ចេកវិទ្យាគ្រប់គ្រងបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បច្ចេកវិទ្យាសំរាប់រដ្ឋាភិបាលអេឡិកត្រូនិក បច្ចេកវិទ្យាសំរាប់ទីក្រុងវៃឆ្លាត ព្រមទាំងបានចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនៃការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិក។
ក្នុងអំឡុងពេលនោះដែរ ប្រតិភូក្រសួងប.ទ.ក៏បានជួបពិភាក្សាការងារជាមួយប្រធានអភិវឌ្ឍបច្ចេកវិទ្យាសំរាប់ធុរៈកិច្ចនៃក្រុមហ៊ុន Viettel Group និងលោកអគ្គនាយករងនៃក្រុមហ៊ុន Metfone Cambodia ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើបច្ចេកវិទ្យាគ្រប់គ្រងបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បច្ចេកវិទ្យាអេឡិកត្រូនិក និងបច្ចេកវិទ្យាសំរាប់ទីក្រុងវៃឆ្លាត។ល។ ប្រធានអភិវឌ្ឍបច្ចេកវិទ្យាសំរាប់ធុរៈកិច្ចនៃក្រុមហ៊ុន Viettel Group បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការ និងស្វាគមន៍សំណូមពរនានារបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា៕