ព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង មានរៀបចំសន្និសីទសារព័ត៌មានអំពីកម្មវិធី “ឌីជីថលកម្ពុជា២០១៩ (Digital Cambodia 2019)” ក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង ICT (មូលនិធិ ស.អ.-R&D) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ.-R&D។
កម្មវិធី Digital Cambodia 2019 ជាកម្មវិធីឈានមុខប្រចាំឆ្នាំលើកទី១ របស់ព្រះរាជាណាចក្រកម្ពុជាដែលមានគោលបំណងបង្កើតវេទិកាថ្នាក់ជាតិ ដើម្បី៖
១. បង្ហាញអំពីបរិយាកាស និងប្រព័ន្ធ Ecosystem ប្រកបដោយភាពអំណោយផល និងទាក់ទាញសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា
២. បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខណ្ឌគោលនយោបាយនិងគតិយុត្ត ព្រមទាំងផលិតផលនិងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
៣. បញ្ជ្រាបអំពីសារៈសំខាន់និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រីក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់និងអន្តរជាតិ
៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មចាប់ផ្ដើមថ្មី (Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ
៥. ជំរុញអំពីសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ និង
៦. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្មចាប់ផ្តើមថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។
ក្នុងឱកាសសន្និសីទសារព័ត៌មាននេះ ឯកឧត្តម កាន ច័ន្ទមេត្តា បានមានប្រសាសន៍ថា “ដើម្បីឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០ (T-ICT 2020) និងក្របខណ្ឌផែនការនិងក្របខណ្ឌគតិយុត្តមួយចំនួនទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រឹងប្រែងអនុវត្តនូវផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទូទាំងផ្ទៃប្រទេសរួមទាំងការពង្រឹងនូវគុណភាពសេវាស្របតាមការវិវត្តន៍របស់បច្ចេកវិទ្យាទំនើប បានចូលរួមជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកទេស ព្រមទាំងបានបង្កើតបទដ្ឋានគតិយុត្តមួយចំនួនដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍផ្នែកឌីជីថល។ អ្វីដែលសំខាន់នោះគឺយើងបានបង្កើតយន្តការសហការយ៉ាងស្អិតរមួតជាមួយវិស័យឯកជនដើម្បីជំរុញការអភិវឌ្ឍវិស័យនេះ។ ឯកឧត្តមបានបញ្ជាក់ថា ជាជំហានបន្ទាប់ ក្រសួងនឹងបន្តប្រើប្រាស់យន្តការដែលបានអនុវត្តប្រកបដោយជោគជ័យនាពេលកន្លងមក និងគិតគូរបន្ថែមលើការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាក្នុងស្រុកឱ្យកាន់តែមានភាពសម្បូរបែបតាមរយៈការទាក់ទាញការវិនិយោគឧស្សាហកម្ម ICT ខ្នាតធំ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាសកាសអំណោយផលដល់ការបង្កើតអាជីវកម្មចាប់ផ្តើមថ្មី (Startup)ខាងផ្នែកបច្ចេកវិទ្យាក្នុងស្រុក៕