ប្រទេសបារ៉ែន៖ ថ្ងៃចន្ទ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ. បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាមូលនិធិ ស.អ., គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, តំណាងក្រុមហ៊ុនមកពីវិស័យឯកជន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីធុរកិច្ចបង្កើតថ្មី (Startup Nations Ministerial) និងកិច្ចប្រជុំពិភពលោកស្តីពីសហគ្រិនភាព (Global Entrepreneurship Congress) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅរាជធានីម៉ាណាម៉ា នៃប្រទេសបារ៉ែន។
កិច្ចប្រជុំ Startup Nations Ministerial គឺជាវេទិកាសន្ទនាកម្រិតខ្ពស់ប្រចាំឆ្នាំមួយដែលថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងអ្នកជំនាញផ្នែកសហគ្រិនភាពនៅទូទាំងពិភពលោក ជួបជុំដើម្បីពិភាក្សាស្វែងរកយន្តការជំរុញសហគ្រិនភាព ដោះស្រាយបញ្ហាប្រឈម និងលើកទឹកចិត្តបន្ថែមចំពោះធុរកិច្ចបង្កើតថ្មី (Tech Startup) ក្នុងគោលបំណងជំរុញឱ្យអាជីវកម្មទាំងនោះមានការវិវត្តក៏ដូចជារីកចម្រើនទៅមុខបន្ថែមទៀតផងដែរ។ ក្នុងកិច្ចប្រជុំនេះ បានផ្តោតលើប្រធានបទចំនួនបីគឺ ទី១. បទពិសោធន៍ជាគោលនយោបាយដែលមិនទទួលបានភាពជោគជ័យ៖ ផ្តោតលើការជួយដល់ថ្នាក់ដឹកនាំទូទាំងពិភពលោកពិចារណានិងជៀសវាងនូវកំហុសដដែលៗ, ទី២. អភិក្រមល្អបំផុតសម្រាប់ដោះស្រាយបញ្ហាប្រឈមដែលត្រូវបានចោទក្នុងក្របខណ្ឌនិយ័តកម្ម, និងទី៣. ការរៀបចំគោលនយោបាយដោយផ្អែកលើយន្តការថ្មីនៃការវិភាគទិន្នន័យ។ ដោយមានអ្នកចូលរួមមកពីតំណាងប្រទេសចំនួន៥៤, វាគ្មិនល្បីៗ, អ្នកធ្វើនវានុវត្តន៍, អ្នកស្រាវជ្រាវ និងអ្នកចូលរួមមកពីជុំវិញពិភពលោកប្រមាណជាង១០០០នាក់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាជាមួយលោក John Kilmartin, Executive Director – ICT & Startup Business Development, ជាសមាជិកក្រុមបឹ្រក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចបារ៉ែន និងជាស្ថាបនិក Tech startup និងសហគ្រិនភាពនៅប្រទេសបារ៉ែន អំពីបទពិសោធន៍នៃការទទួលបានភាពជោគជ័យនៃការជំរុញ Tech Startup Ecosystem តាំងពីឆ្នាំ២០១៧ នៅប្រទេសបារ៉ែន ដែលមានភាពស្រដៀងគ្នាទៅនឹងកិច្ចការដែលរាជរដ្ឋាភិបាលកម្ពុជាបានបំពេញតាំងពីឆ្នាំ២០១៧ តាមរយៈក្របខណ្ឌគោលនយោបាយនិងគតិយុត្ត ក្រុមប្រឹក្សាមូលនិធិ ស.អ. របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងពាក់ព័ន្ធទាំង ០៥ ទៀត ដែលជាសេនាធិការដែលបាននឹងកំពុងធ្វើកន្លងមកនេះ៕