ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ នៅទីស្តីការក្រសួង ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ ICANN (The Internet Corporation for Assigned Names and Numbers) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាជាលើកទីពីរ ស្តីពី វិធានកំណត់ឈ្មោះអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សិក្ខាសាលានេះ ត្រូវបានអញ្ញើញចូលរួមដោយ អ្នកជំនាញភាសាខ្មែរ អ្នកជំនាញអក្សរខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រ (Unicode) អ្នកស្រាវជ្រាវ អ្នកធ្វើគោលនយោបាយលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អ្នកគ្រប់គ្រង ការចុះបញ្ជីអាស័យដ្ឋានលើអ៊ីនធឺណែតនៅកម្ពុជា និងវាគ្មិន លោកបណ្ឌិត Sarmad Hussain ប្រធានផែ្នកជាន់ខ្ពស់គម្រោងបង្កើតអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាសាកល (Internationalized Domain Name) របស់អង្គការ ICANN។
ឯកឧត្តម បណ្ឌិត សេង សុភាព បានមានប្រសាសន៍រៀបរាប់ពីអត្ថប្រយោជន៍នៃអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាខែ្មរមានដូចជា៖ ១)លើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរ ដើម្បីពង្រីកវិសាលភាពក្នុងការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងផ្សេងៗលើប្រព័ន្ធអ៊ីនធឺណែតឱ្យកាន់តែទូលំទូលាយទៅដល់ប្រជាជនខ្មែរដែលមិនចេះភាសាបរទេស ជាពិសេសនៅតាមជនបទ ២) មានអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ឧទាហរណ៍ http://អង្គរវត្ត.ខ្មែរ ៣) ជំរុញ និងលើកទឹកចិត្តស្ថាប័ននានា អោយប្រើប្រាស់អាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរ ៤)ផ្តល់ភាពសម្បូរបែបដល់ជ្រើសរើសអាស័យដ្ឋានលើអ៊ីនធឺណែត និង ៥)ផ្តល់ឳកាសដល់ការធ្វើសេវាកម្មផ្សេងៗតាមបណ្តាញ ដូចជា ការទិញលក់ទំនិញលើអ៊ីនធឺណែត។
ក្នុងអង្គសិក្ខាសាលា លោកស៊ុន រ៉ាពីដ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ចាក់បន្ថែមថា គម្រោងបង្កើតអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខែ្មរ បានចំណាយពេល៩ខែ ដើម្បីចងក្រងវិធានកំណត់ឈ្មោះអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរ និងបានមកដល់ដំណាក់កាលបញ្ចប់ ដែលជាគម្រោងឈានមុខគេក្នុងតំបន់អាស៊ាន ហើយនឹងបញ្ចូនទៅកាន់អង្គការ ICANN អនុម័តជាផ្លូវការ។ បន្ទាប់ពីនោះអ្នកបង្កើតគេហទំព័រនានា និងអ្នកប្រើប្រាស់អ៊ីនធឺណែតអាចស្នើសុំប្រើប្រាស់នូវអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខែ្មរ។
សម្គាល់៖ Internet Corporation for Assigned Names and Number(ICANN) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលមានការទទួលខុសត្រូវ សម្រាប់ការសម្របសម្រួលនៃការថែទាំនិងវិធីសាស្រ្តនៃការមូលដ្ឋានទិន្នន័យជាច្រើននៃការសម្គាល់តែមួយគត់ ដែលទាក់ទងទៅនឹង Namespace នៃ អ៊ីនធឺណិត និង ធានាបណ្តាញនេះមានស្ថេរភាព និងការប្រតិបត្ដិការ ដែលមានសុវត្ថិភាព៕