បណ្តាញបញ្ជូនទិន្នន័យល្បឿនលឿន NerveNet ដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យនេះ នឹងសម្រួលឲ្យប្រជាជន និងសិស្សានុសិស្សដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ពុំមានអគ្គិសនីប្រើប្រាស់ជាប់លាប់ និងគ្របដណ្តប់ដោយសេវាអ៊ីនធឺណិតល្បឿនយឺត(2G) អាចទទួលបានយ៉ាងងាយស្រួលនូវទិន្នន័យជាវីដេអូ និងរូបភាពទំហំធំ ស្តីពីការយល់ដឹងពីវិស័យកសិកម្ម សុខាភិបាល និងកំសាន្តអប់រំជាដើម ។ល។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា គម្រោងសាកល្បងដំណើរការបណ្តាញ NerveNet គឺត្រូវបានធ្វើឡើងក្នុងបំណងលើកកំពស់ការតភ្ជាប់តំបន់ជនបទ និងការកសាងសមត្ថភាពអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា។ បណ្តាញ NerveNet មានសក្តានុពលខ្ពស់ក្នុងលើកកំពស់ការតភ្ជាប់សម្រាប់ការចែករំលែកទិន្នន័យ និងការប្រាស្រ័យទាក់ទងគ្នានៅទីជនបទ ក៏ដូចជារវាងទីជនបទនិងទីក្រុង ដើម្បីកាត់បន្ថយគម្លាតឌីជីថល ក្នុងគោលដៅជម្រុញឲ្យប្រជាជនកម្ពុជាទាំងនៅទីក្រុង និងទីជនបទ ប្រមាណ ៧០% បានប្រើប្រាស់សេវាអ៊ីនធឺណិតនៅឆ្នាំ២០២០ ហើយគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជាត្រូវបានភ្ជាប់បណ្តាញអ៊ីនធឺណិតនៅត្រឹមឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏សូមសំដែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះ NIPTICT និង NICT ដែលបានសហការរៀបចំនូវសិក្ខាសាលានេះ ព្រមទាំងលើកទឹកចិត្តឲ្យវិទ្យាស្ថានទាំងពីរបន្តកិច្ចសហការល្អតទៅមុខទៀត។ ជាពិសេសសូមសំដែងនូវអំណរគុណដ៏ស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានបន្តរួមចំណែកគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា៕