ក្រុងប៉ោយប៉ែត៖ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៩ព្រឹក ដោយមានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ត្រាំ អីុវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារបច្ចេកទេសនៃអគ្គាធិការដ្ឋានក្រសួង ប.ទ. ដឹកនាំដោយ ឯកឧត្ដម អ៊ូ បូរ៉ាត់ ចូលរួមសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និងមន្ទីរ ប.ទ. ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបបទល្មើសទូរគមនាគមន៍នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការចុះបង្រ្កាបបទល្មើសទូរគមនាគមន៍នោះមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រុមប្រតិបត្តិការចម្រុះបានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន ២១៥នាក់ ក្នុងនោះស្រី ៣២នាក់ និងវត្ថុតាងមួយចំនួនធំដែលបម្រើឱ្យការប្រព្រឹត្តបទល្មើស (ដូចមាននៅក្នុងរូបភាព)។
សូមបញ្ជាក់ថា មុននឹងឈានដល់ការបង្រាបនេះ ក្រុមការងារបច្ចេកទេសនៃអគ្គាធិការដ្ឋានបានធ្វើការតាមដាន និងស្រាវជ្រាវចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧មកម្លេះ។ ក្រុមការងារបានកំណត់ទីតាំងហើយធ្វើការតាមដានរាល់គ្រប់សកម្មភាពរបស់ក្រុមជនល្មើសបានច្បាស់លាស់ និងអនុវត្តនីតិវិធីធ្វើការស្រាវជ្រាវបន្ថែមទើបឈានទៅធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមួយចំនួនធំបានដោយជោគជ័យ។ បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕