ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Ministry of Post and Telecommunications

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន កម្ពុជាឆ្នាំ២០២០ និងពានរង្វាន់ស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ឆ្នាំ២០២០

អត្ថបទដោយ៖ Semtararath

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន កម្ពុជាឆ្នាំ២០២០ (Cambodia ICT Awards 2020) និងពានរង្វាន់ស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ២០២០ (Women In Tech Award 2020) ដោយមានការអញ្ជីញចូលរួមពីលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ឆែម គាត រិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា ធុរជន និងអ្នកបច្ចេកវិទ្យាជាច្រើនរូប។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពាន់រង្វាន់ទាំងពីរប្រភេទនេះត្រូវបានផ្តល់ជូនដើម្បីគាំទ្រ និងជំរុញបន្ថែមដល់នវានុវត្តន៍ប្រកបដោយភាពជោគជ័យរបស់សហគ្រិនក្នុងវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា និងជំរុញឱ្យធុរកិច្ចថ្មីឌីជីថលកម្ពុជាអាចពង្រីកខ្លួនទៅក្នុងឆាកតំបន់ និងឆាកអន្តរជាតិផងដែរ។ នៅក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ហាញពីភាពសំខាន់មិនអាចខ្វះបាននៃការដោះស្រាយវិបត្តិចំពោះមុខតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT)។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់នឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមជាមួយរាជរដ្ឋាភិបាល និង ក្រសួងស្ថាប័នពាក់ពាក់ ដើម្បីដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នូវប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ និងកម្មវិធីទូរសព្ទដៃ “ការអប់រំពីចម្ងាយ” ដើម្បីលើកកម្ពស់ការអប់រំ តាមបច្ចេកវិទ្យាឌីជីថលជាដើម។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីគម្រោងនៃការបង្កើនសមត្ថភាព និងវិសាល ភាពនៃវិទ្យាស្ថាន NIPTICT ដោយពង្រីកការស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្តន៍ ដើម្បីជួយគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ វិទ្យាស្ថាននឹងផ្តល់ទីកន្លែងធ្វើការរួមដោយឥតគិតថ្លៃ ដើម្បីផ្តល់បរិយាកាសការងារដល់ធុរកិច្ចបច្ចេកវិទ្យាថ្មី និស្សិត និងអ្នកស្រាវជ្រាវអាចជួបជុំពិភាក្សា និងអភិវឌ្ឍ គំនិតច្នៃប្រឌិត និងបង្កើតថ្មី។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ភាគីទាំងអស់ ដែលខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំកម្មវិធីនេះដូចជា ថ្នាក់ដឹកនាំក្រសួង វិទ្យាស្ថាន NIPTICT, ចៅក្រម, Cellcard, Metfone, Smart និងភាគីពាក់ព័ន្ធជាច្រើនទៀត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ និងប្រគល់ជូនពានរង្វាន់ និងលិខិតសរសើរជូនដល់ក្រុមហ៊ុន ស្ថាប័ន និងបេក្ខនារី ដូចខាងក្រោម៖
ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន កម្ពុជាឆ្នាំ២០២០ មាន ៥ ប្រភេទគឺ៖
– ពានរង្វាន់សេវារដ្ឋបាលអេឡិចត្រូនិកល្អបំផុតប្រចាំឆ្នាំ (Best E-Government Service Of The Year) បានទៅលើ “ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយ (One Window Service Unit Service Delivery Management Information System)” ដែលជាប្រព័ន្ធស្វ័យប្រវត្តិកម្មទំនើបរបស់ក្រសួងមហាផ្ទៃ។
– ពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Of The Year) បានទៅលើ “មជ្ឈមណ្ឌលបណ្តុះបណ្តាល DataU របស់ក្រុមហ៊ុន Mekong Big Data”។
– ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content Of The Year) បានទៅ “រឿងនិទានតាឥសី (Ey Sey Storytime) របស់ក្រុមហ៊ុន Osja Studio។
– ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D Of The Year) បានទៅ “Smart Valve and Smart Pump” នៃ Smart Farm Assistance ដែលជាគម្រោងស្រាវជ្រាវរបស់និស្សិតមួយក្រុមមកពីវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
– ពានរង្វាន់ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យាល្អបំផុតប្រចាំឆ្នាំ (Best Tech Startup Of The Year) បានទៅ “Sala Enrollment របស់ក្រុមហ៊ុនផ្ដួចផ្ដើមធុរៈកិច្ច SALA”។

ពានរង្វាន់ស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ២០២០ មានប្រាំប្រភេទគឺ៖
– ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា (Cambodia Woman Entrepreneur Award) បានទៅ “លោកស្រី គង់ សូរីតា ជាស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន Ocean Technology Co., Ltd.” ដែលជាក្រុមហ៊ុននាំចូលផលិតផល GPS គ្រប់ប្រភេទមកកាន់ប្រទេសកម្ពុជា។
– ពានរង្វាន់វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodia Woman ICT Engineer Award) បានទៅ “លោកស្រីបណ្ឌិត ព្រហ្ម សុភា ជាប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន Soramitsu Khmer Co.,Ltd.” ។

– ពានរង្វាន់ស្រ្តីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodia Woman ICT For Community Award) បានទៅ “កញ្ញា ប៉ែន វនាត ជាសហស្ថាបនិក និងអគ្គនាយិកានៃក្រុមហ៊ុន 606 និងជាតំណាងថ្នាក់តំបន់របស់កម្មវិធី Technovation ប្រចាំប្រទេសកម្ពុជា”។
– ពានរង្វាន់ស្រ្តីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Contents Award) បានទៅ “កញ្ញា រិទ្ធី លំអរពេជ្រ ជាស្ថាបនិក និងអគ្គនាយិការបស់ក្រុមសិល្បៈភ្លើងគុប” ដែលជាក្រុមមួយបង្កើតឡើងដោយផ្តោតលើវប្បធម៌ និងប្រពៃណី។
– ពានរង្វាន់ពន្លកថ្មី (Girl Innovator) បានទៅ “ប្អូនស្រី សែស វនសារ អាយុ១៨ឆ្នាំ បច្ចុប្បន្នជានិស្សិតនៅ Liger Leadership Academy” ដែលបានបង្កើតគម្រោងមួយឈ្មោះថា Solar Pi Project ប្រើសម្រាប់បង្រៀនសិស្សនៅតាមជនបទអំពីបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងនោះមុខវិជ្ជា FreeCAD (3D Design) និង Scratch (កម្មវិធីសរសេរកូដកុំព្យូទ័រ) ត្រូវបានដាក់បង្រៀនដល់សិស្សនៅអនុវិទ្យាល័យចំនួនពីរក្នុងខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជា។

-រូបថតដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

ព័ត៌មានជាប់ទាក់ទង