ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Ministry of Post and Telecommunications

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារអុីនធើណិតជាតិ

អត្ថបទដោយ៖ Semtararath

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារអុីនធើណិតជាតិ ជាមួយប្រតិបត្តិករទូរគមនាគមន៍ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានថ្លែងប្រាប់អង្គប្រជុំអំពីដើមហេតុចម្បងពីរដែលនាំឱ្យមានសេចក្តីព្រាង អនុក្រឹត្យនេះ។ ដើមហេតុទីមួយគឺ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រៀបចំឱ្យមានក្របខណ្ឌគតិយុត្តិច្បាស់លាស់មួយដើម្បីគ្រប់គ្រងច្រកទ្វារអុីនធើណិតជាតិ។ ដើមហេតុទីពីរគឺ អនុក្រឹត្យនេះមានគោលដៅកៀរគចំណូលជាតិ និងពង្រឹងប្រសិទ្ធភាពក្នុងការតភ្ជាប់ បណ្ដាណអុីនធើណិតនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថ្លែងថា កិច្ចប្រជុំថ្ងៃនេះមាន គោលបំណងទទួលយកធាតុចូលពីប្រតិបត្តិករទូរគមនាគមន៍ ទាំងឡាយដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះកាន់តែភាពប្រសើរឡើង។

ប្រតិបត្តិករទូរគមនាគមន៍បានតាំងសំណួរអំពីបទប្បញ្ញត្តិស្តីពីគុណភាពសេវា និងកម្រៃតភ្ជាប់បណ្តាញ ដែលនឹងត្រូវកំណត់ដោយប្រកាសដោយឡែកបន្ទាប់ពីការចូលជាធរមាននៃសេចក្តីព្រាងអនុក្រឹត្យនេះ។ បន្ថែមពីលើនេះ ប្រតិបត្តិករទូរគមនាគមន៍ក៏បានសុំពេលបន្ថែមដើម្បីពិនិត្យសេចក្តីព្រាងអនុក្រឹត្យ និង ពិភាក្សាជាមួយក្រុមអ្នកបច្ចេកទេសរបស់ក្រសួងផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថានឹងមានកិច្ចពិភាក្សាបន្ថែមលើប្រកាសស្តីពីគុណភាពសេវាជាមួយប្រតិបត្តិករ ហើយសង្កត់ធ្ងន់ថាកម្រៃតភ្ជាប់បណ្តាញនឹងមានតម្លៃតិច ដើម្បីជៀសវាងការបង្កើតបន្ទុក ហិរញ្ញវត្ថុបន្ថែមលើប្រតិបត្តិករ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអនុញ្ញាតឱ្យក្រុមអ្នកបច្ចេកទេសរបស់ក្រសួងពិភាក្សាបន្ថែមជាមួយប្រតិបត្តិករលើធាតុចូល និងមតិរបស់ពួកគេ។

-រូបថតដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថោង សុពីមករា

ព័ត៌មានជាប់ទាក់ទង